Breaking News

អភិបាលខេត្តសៀមរាប៖ ការប្រមូលផ្តុំរបស់លោក ខឹម វាសនា នៅដីចម្ការ ប្រកាសរំសាយអស់ហើយ

សៀមរាប៖  ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឱ្យដឹងថា ការប្រមូលផ្តុំរបស់លោក ខឹម វាសនា នៅដីចម្ការ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានប្រកាសរំសាយអស់ហើយត្រឹមល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ។ 

ខណៈដែរអាជ្ញាធរ កំពុងរៀបចំសម្របសម្រួលអោយប្រជាជនចេញទាំងអស់ទុកតែអ្នកដែលរស់នៅលើដីចម្ការនោះតែប៉ុណ្ណោះ ហើយដោយនីតិវិធីត្រូវបំពេញច្រើន អាជ្ញាធរនឹងបន្តការងារនេះនៅថ្ងៃនេះ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ចំពោះអ្នកដែលត្រូវស្នាក់នៅដីក្នុងដីចម្ការនេះ អាជ្ញាធរបានឱ្យម្ចាស់ដីបញ្ជក់ចំនួនឱ្យច្បាស់លាស់ ដើម្បីឱ្យស្របតាមច្បាប់អាស្រ័យផលលើដីឯកជន ហើយបន្ទាប់ពីម្ចាស់ដីបញ្ជាក់ចំនួនរួចហើយ អ្នកដែលនៅសល់ត្រូវតែចាកចេញទាំងអស់។ 

គិតត្រឹមល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២អ្នកដែលកំពុងនៅក្នុងដីចម្ការនេះ នៅមានតិចតួចប៉ុណ្ណោះ ហើយអាជ្ញាធរនឹងបន្តសម្របសម្រួលរវាងម្ចាស់ដី និងប្រជាជនដែលត្រូវចាកចេញ។ 

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ មានបងប្អូនប្រជាពលរដ្ឋ ទាំងក្នុងប្រទេស និងក្រៅប្រទេស រួមទាំងសមាជិកបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានលង់ជឿតាមការបកស្រាយបែបអប្បិយជំនឿរបស់លោក ខឹម វាសនា ដែលថានឹងមានគ្រោះរញ្ជួយដី ហើយនឹងបណ្តាលឱ្យមានទឹកជំនន់លិចពិភពលោក ស្លាប់ទាំងអស់ លើកលែងតែចម្ការនៅម្តុំភ្នំគូលែនតែប៉ុណ្ណោះ ដែលការឃោសនាសាបព្រោះនេះ បានធ្វើឱ្យយុវជន យុវតី និងប្រជាពលរដ្ឋខ្លះៗទៀត (ខ្លះនៅរហូតដល់ក្រៅប្រទេស) សម្រេចបោះបង់ការសិក្សា បោះបង់ការងារ បោះបង់ឪពុកម្តាយ និងផ្ទះសម្បែង ហើយចូលទៅសម្ងំនៅក្នុងចម្ការរបស់លោក ខឹម វាសនា នៅម្តុំភ្នំគូលែន ស្រុកបន្ទាយស្រី៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *