(ភ្នំពេញ)៖ បុរសជាសន្តិសុខយាមនៅក្នុងធនាគារមួយកន្លែងត្រូវជនមិនស្គាល់មុខចូលមកខាងក្នុងធានាគារបានបាញ់សំដៅទៅលើសន្តិសុខដែលយាមខាងក្នុងជាច្រើនគ្រាប់បណ្ដាលឲ្យរងរបួសត្រូវដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
ហេតុការណ៍ផ្ទុះអាវុធខាងលើនេះបានកើតឡើងនៅក្នុងធនាគារ CIMB Bank ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២២នេះ។
យោងតាមប្រភពព័ត៌មានពីសន្តិសុខម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសម្នាក់ ដែលស្លៀកពាក់ជាអង្គរក្សបានពាក់មួកសុវត្ថិភាពចូលទៅក្នុងធនាគារ ពេលនោះសន្តិសុខបានហាមឃាត់បុរសខាងលើមិនអនុញ្ញាតឲ្យពាក់មួកសុវត្ថិភាពចូលទៅខាងក្នុងធនាគារឡើយ។
ដោយឲ្យបុរសដែលជាជនសង្ស័យខាងលើដោះមួកចេញយកមកទុកនៅខាងក្រៅ ភ្លាមៗនោះ ស្រាប់តែជនសង្ស័យបានដើរចូលទៅខាងក្នុងរួចបានដកកាំភ្លើងខ្លីចេញពីចង្កេះបាញ់សំដៅមកលើសន្តិសុខយាមនៅខាងក្នុងបណ្ដាលឲ្យរងរបួសធ្ងន់ ក្រោយពីបង្កហេតុជនសង្ស័យបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល៕