ភ្នំពេញ ៖ រថយន្តម៉ាក តូយ៉ូតាព្រូស មួយគ្រឿងបើកបុកម៉ូតូសណ្ដោងរុឺម៉ក បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ រួចព្យាយាមបើកគេចទៅបុកបង្គោលភ្លើង១ដើមទ្រេតជិតដល់ដី និងបន្តបើករត់រហូតដល់របងវត្តទួលទំពូង ទើបត្រូវបានសមត្ថកិច្ចឃាត់ជាប់ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដែលបង្កឡើងនៅតាមបណ្ដោយផ្លូវ៤៣២ កែងផ្លូវ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយ រថយន្តបង្កម៉ាក តូយ៉ូតា ព្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BR-6431 បើកបរដោយនារីម្នាក់ និងមានប្រុសស្រី២នាក់ទៀតរួមដំណើរជាមួយ ធ្វើដំណើរតាមបណ្ដោយផ្លូវ១០១ ទិសដៅពីត្បូងមកជើង ខណៈដល់ផ្លូវកែង៤៣២ ក៏បានបត់ឆ្វែងដៃយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុកបុរសម្នាក់កំពុងបើកម៉ូតូសណ្ដោងរុឺម៉កក្នុងទិសដៅពីលិចទៅកើត ចំពីមុខពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូសណ្ដោងរុឺម៉ករងរបួសធ្ងន់ ។ ចំណែករថយន្តបង្កមិនទទួលខុសត្រូវ ក៏បន្តបើករត់ទៅបុកបង្គោលភ្លើង១ដើមបាក់ទ្រេតជិតដល់ដី រួចបន្តបើករត់គេចរហូតដល់វិថីម៉ៅសេទុង ជាប់របងវត្តទួលទំពូង ទើបសមត្ថកិច្ចឃាត់ជាប់ទាំងរថយន្តបង្ក និងតៃកុង ប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ និងទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ឲ្យមកដឹកជនរងគ្រោះដែលរបួសធ្ងន់ និងជាម្ចាស់ម៉ូតូសណ្ដោងរុឺម៉ក យកទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស ។ ចំណែករថយន្តបង្ក និងម៉ូតូសណ្ដោងរុឺម៉ក ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យជំនាញចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ ៕