ភ្នំពេញ៖ ល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថា ក្នុងពិធីប្រារព្ធទិវាឯកភាពជាតិអាល្លឺម៉ង់ ទី៣២ ដែលបានប្រារព្ធឡើងនៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូតអាល្លឺម៉ង រាជធានីភ្នំពេញ។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានចូលរួមអបអរសាទរ លោក Stefan Anton MESSERER ចំពោះការតែងតាំងថ្មី ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយលោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងនិងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលចាប់តាំងពីការបង្រួបបង្រួមអាល្លឺម៉ង់ឡើងវិញ អាល្លឺម៉ង់បានចូលរួមចំណែកយ៉ាងសកម្មក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក រួមទាំងការប្រែប្រួលអាកាសធាតុ និងការថែរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព។ លើសពីនេះ ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាល្លឺម៉ង់បានបន្តរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងសន្តិសុខពិភពលោក។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានលើកឡើងបន្ថែមថា កម្ពុជាតែងតែផ្តល់តម្លៃដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ស្និទ្ធស្នាលជាមួយប្រទេសអាឡឺម៉ង់ ដែលបានរីកចម្រើនលើគ្រប់វិស័យ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក គោលដៅរួម និងផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ។
ឯកឧត្ដមបន្តទៀតថា ចាប់តាំងពីឆ្នាំ ១៩៩៤ រយៈពេល ២៨ ឆ្នាំនេះ អាល្លឺម៉ង់ បានគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាលើវិស័យបោសសម្អាតមីន ការអប់រំ វប្បធម៌ អភិបាលកិច្ចល្អ ការអភិវឌ្ឍន៍ជនបទ ថាមពល ការការពារសង្គម និងវិមជ្ឈការ ដើម្បីចូលរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ សម្រាប់វិស័យសេដ្ឋកិច្ច ប្រទេសទាំងពីរនៅតែបន្តទទួលបានទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំ និងរីកចម្រើន ខណៈដែលប្រទេសអាល្លឺម៉ង់ គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជាក្នុងចំណោមប្រទេសសមាជិកសហគមន៍អឺរ៉ុប ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីលើសពី ១ ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី បានចាត់ទុកអាល្លឺម៉ង់ គឺជាដៃគូយូរអង្វែង និងជាម្ចាស់ជំនួយដ៏សំខាន់មួយ ក្នុងនោះប្រទេសអាល្លឺម៉ង់ បានរួមចំណែករាប់លានដុល្លារដល់អង្គការ Halo Trust ក្នុងការងារបោសសម្អាតមីន ជារៀងរាល់ឆ្នាំរយៈពេលជាច្រើនឆ្នាំ ហើយបានសន្យាថានឹងគាំទ្រដល់អង្គការ Halo Trust រហូតដល់ឆ្នាំ ២០២៤។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានស្នើឲ្យប្រទេសអាល្លឺម៉ង់បន្តការគាំទ្រដល់ការងារបោសសម្អាតមីន និងដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥។
ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងអំពាវនាវដល់ប្រទេសជាមិត្ត និងដៃគូសកម្មភាពមីនដទៃទៀតរបស់កម្ពុជារួមមាន អូស្ត្រាលី ជប៉ុន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ន័រវេស ស្វីស ចិន នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ កាណាដា អៀរឡង់ ឥណ្ឌា ហុងគ្រី UNDP និង UNICEF ព្រមទាំងមូលនិធិអង្គការសង្គមស៊ីវិល និងសប្បុរសជន ឲ្យបន្តចូលរួមចែករំលែកនូវទស្សនៈវិស័យរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដល់ការងារសកម្មភាពមីនមនុស្សធម៌៕