ខេត្តប៉ៃលិន ៖ រហូតមកដល់រសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ គេសង្កេតឃើញផ្ទៃមេ ឃកំពុងតែបន្តភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្រុងប៉ៃលិន ហើយទឹកភ្លៀងនេះ ក៏បានហូរបន្តទៅជន់លិចភូមិកូនដំរី ភូមិដីស ឃុំស្ទឹងត្រង់ ក្នុងស្រុកសាលាក្រៅ បណ្តាលឱ្យហូរចូលទៅក្នុងផ្ទះពួកគាត់ជាង៥០គ្រួសារ ខណ:ដែលអាជ្ញាធរខេត្តប៉ៃលិន បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះទៅជួយជម្លៀសជនរងគ្រោះទាំងនោះទៅរកទីទួលសុវត្ថិភាព។
បើតាមប្រភពព័ត៌មានពីលោក សៀ សុខុន អភិបាលរងស្រុកសាលាក្រៅ បានឱ្យដឹងថា ៖ ជំនន់ ទឹកភ្លៀង បានកើតឡើងតាំងពីរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២មកម្លេះ រហូតមកដល់ថ្ងៃទី០៣ តុលា នេះមិនទាន់ស្រកអស់នៅឡើយទេ ដោយធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែង ដំណាំ ដាំដុះរបស់ប្រជាពលរដ្ឋ ទាំងឃុំអូរអណ្តូង ឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ផងដែរ។ លោកបន្តទៀតថា ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺនៅពេលនេះ ជំនន់ទឹកភ្លៀងមិនទាន់ស្រកអស់ចេញពីផ្ទះប្រជាពលរដ្ឋមួយចំនួនក្នុងឃុំស្ទឹងត្រង់នៅឡើយទេ ខណ:មេឃក៏កំពុងបន្តធ្លាក់ភ្លៀងខ្លាំងនៅក្នុងក្រុងប៉ៃលិន អាចនឹងបន្តហូរធ្លាក់ទៅក្នុងអូរ ស្ទឹង ជន់លិចផ្ទះពួកគាត់ថែមទៀតផងដែរ។ ទោះបីជាយ៉ាងណា លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ចុះទៅត្រួតពិនិត្យផ្ទះប្រជាពលរដ្ឋរងគ្រោះ និងធ្វើការចែកអំណោយស្បៀងសង្គ្រោះបន្ទាន់ ជូនដល់ពួកគាត់ផងដែរ។
សូមបញ្ជាក់ថា ៖ រហូតមកដល់វេលាម៉ោង៣ និង៥០នាទីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ មេឃនៅបន្តកំពុងភ្លៀងខ្លាំងក្នុងក្រុងប៉ៃលិន រីឯនៅស្រុកសាលាក្រៅ ផ្ទៃមេឃក៏នៅមានសភាពអួរអាប់គួរឱ្យព្រួយបារម្ភក្រែងភ្លៀងធ្លាក់ថែមទៀត អាចនឹងលិចលង់លំនៅឋានពួកគាត់ពិតប្រាកដមែន។ ចំណែកអាជ្ញាធរខេត្ត និងមន្រ្តីនៅមូលដ្ឋាន កំពុងតែដុតដៃដុតជើង ត្រៀមរៀបចំកម្លាំងចុះជួយសង្គ្រោះដល់ប្រជាពលរដ្ឋនៅក្នុងភូមិខាងលើ បើមានករណីជំនន់ខ្លាំងកើតឡើងដូចកាលពីឆ្នាំមុនៗ៕