កម្លាំងទាហានជើងទឹកអាមេរិក បានប្រកាសឲ្យដឹងថា នាវាផ្ទុកយន្តហោះ USS Gerald R. Ford (CVN 78) ជាប្រភេទថ្មីបំផុត និងទំនើបបំផុត បានដាក់ដំណើរការលើកដំបូងនៅឆ្នាំ ២០១៣ ពេលនេះបានបញ្ជូនទៅកាន់ មហាសមុទ្រអាត្លង់តិច។
ឧត្តមនាវីឯក Daryl Caudle មេបញ្ជាការកងនាវាចរអាមេរិកបាននិយាយថា « ក្រុមនាវាចម្បាំងដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Gerald R. Ford (GRFCSG) នឹងត្រូវបានដាក់ពង្រាយ ដោយសហការជាមួយ ប្រទេសសម្ព័ន្ធមិត្ត ក្នុងការបង្ហាញពីសមត្ថភាព នៅមហាសមុទ្រអាត្លងតិច »។
ឧត្តមនាវីឯក Daryl Caudle បានបញ្ជាក់ទៀតថា គោលដៅនៃការដាក់ពង្រាយនាវាផ្ទុកយន្តហោះខាងលើ ក្នុងគោលដៅ បង្កើនសមត្ថភាពរួម នៅក្នុងតំបន់សមុទ្រអាត្លងតិច ដែលជាតំបន់មានផលប្រយោជន៍យុទ្ធសាស្ត្រធំធេង ។
សកម្មភាពខាងលើ ដោយមានការចូលរួមពីកម្លាំងទាហាន ៩ពាន់នាក់ រួមជាមួយនាវាចម្បាំង ការពារ ២០ គ្រឿង និងយន្តហោះចម្បាំង ៦០គ្រឿង មកពី ៩ប្រទេស មានដូចជា អាមេរិក កាណាដា ដាណឺម៉ា ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហុល្លង់ អេស្ប៉ាញ និងស៊ុយអែត។
នាវាផ្ទុកយន្តហោះ USS Gerald R. Ford (CVN-78) ជាប្រភេទធំបំផុតនៅលើពិភពលោក ដាក់ឈ្មោះតាមប្រធានាធិបតីទី ៣៨របស់អាមេរិក Gerald Ford ។ នាវាផ្ទុកយន្តហោះនោះមានប្រវែង ៣៣៧ម៉ែត្រ ទទឹង៧៨ម៉ែត្រ កម្ពស់ ៧៦ម៉ែត្រ មានចំណុះ ១សែនតោន ។ នាវាខាងលើ អាចធ្វើដំណើរក្នុងល្បឿន ៥៦គីឡូម៉ែត្រក្នុងមួយម៉ោង ដើរដោយថាមពលបរមាណូ៕