Breaking News

ស្ថានភាពទឹកជំនន់នៅខេត្តពោធិ៍សាត់ ចាប់ផ្តើមធូរស្បើយខ្លះហើយ, អភិបាលរងខេត្ត ចុះពិនិត្យស្ថានភាព ជីវភាពរស់នៅ និងហេដ្ឋារចនាសម្ព័ន្ធដែលរងប៉ះពាល់

(ពោធិ៍សាត់)៖ លោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះ បានចុះត្រួតពិនិត្យស្ថានភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលរងប៉ះពាល់ដោយទឹកជំនន់ នៅក្នុងភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសនោះ លោក ឡាយ វិសិដ្ឋ បានជម្រាបជូនថា ដោយពិនិត្យឃើញពីផលលំបាករបស់បងប្អូនប្រជាពលរដ្ឋ អំឡុងពេលទឹកជំនន់ហូរច្រោះផ្លូវនោះ លោកបានគៀងគរ និងប្រមូលថវិកាបដិភាគ ដើម្បីសាងសង់ស្ពានឬស្សីឡើង ក្នុងការជួយសម្រួលដល់ការឆ្លងកាត់ធ្វើដំណើរបណ្តោះអាសន្ន របស់ប្រជាពលរដ្ឋនៅតំបន់នោះ។ លោកបានបន្ថែមថា មិនត្រឹមតែទីតាំងខាងលើប៉ុណ្ណោះទេ គឺនៅមានទីតាំងផ្សេងៗទៀត ដែលទាមទារឱ្យក្រុមការងារបន្តចុះជួយអន្តរាគមន៍ទប់ស្កាត់ ដើម្បីបង្ការការហូរច្រោះ។

លោកបានបន្ថែមទៀតថា ក្រោមកិច្ចចង្អុលការណ៍ របស់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប រួមមាន៖ អាជ្ញាធរស្រុក ក្រុង ឃុំ​ សង្កាត់ និងភូមិ កងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រួមទាំងកម្លាំងយុវជនស្ម័គ្រចិត្ត បានជួយអន្តរាគមន៍បានទាន់ពេលវេលា ពុំមានផលប៉ះពាល់ធ្ងន់ធរ ដល់អាយុជីវិតប្រជាពលរដ្ឋ ឬសត្វពាហៈនៈឡើយ។

លោកអភិបាលរងខេត្តរូបនោះ បានបញ្ជាក់ថា ស្ថានភាពទឹកជំនន់ ក្នុងឆ្នាំ២០២២នេះ មិនមែនកើតមានតែនៅខេត្តយើងតែមួយនោះទេ គឺកើតមានស្ទើរតែគ្រប់ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយសម្រាប់ខេត្តពោធិ៍សាត់ គឺមានក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ដែលរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់ផ្លូវមួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។

លោកបានបញ្ជាក់បន្ថែមថា បញ្ហាបន្ទាន់នៅចំពោះមុខយើងនាពេលនេះ នៅពេលទឹកស្រកវិញ មន្ទីរជំនាញ រួមទាំងប្រជាពលរដ្ឋ ត្រូវរួមគ្នាទប់រក្សាទឹកទុក តាមប្រឡាយមេ ប្រឡាយរង ស្រះ ឬស្រែឱ្យនៅគង់វង្ស ហើយអាជ្ញាធរមានសមត្ថកិច្ចនឹងខិតខំស្វែងរកស្រូវពូជ មកផ្តល់ជូនបងប្អូន ដើម្បីមានលទ្ធភាពស្តារឡើងវិញ។

បើតាមលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានឱ្យដឹងនាល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះថា ស្ថានភាពជំនន់ទឹកជំនន់នៅខេត្តពោធិ៍សាត់ មានការធូរស្បើយជាបណ្តើរៗហើយ បច្ចុប្បន្នស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកំពស់ ៤.៣៦ម៉ែត្រ (កំពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវាញ មានកំពស់ ៣.៣៩មែត្រ (កំពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែង មានកំពស់ ១.៤០ម៉ែត្រ (កំពស់ប្រកាសអាសន្ន ១០ម៉ែត្រ)។ លោកប្រធានមន្ទីរបន្ថែមថា ប្រសិនបើផ្នែកខាងលើ នៃស្រុកវាលវែង និងភ្នំក្រវាញ (ស្ទឹងធំទាំង៣) មិនមានភ្លៀងធ្លាក់ទេ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ ក៏ពុំមានបញ្ហាទៀតនោះដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទិ្ធពលសម្ពាធទាប (ITCZ) និងមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នានោះ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ គិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩  ខែតុលា ឆ្នាំ២០២២ បានបង្កឱ្យមានគ្រោះទឹកជំនន់ដងស្ទឹងពោធិ៍សាត់ ក្នុងនោះមានក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ដែលរងប៉ះពាល់ខ្លាំងជាងគេ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *