«យើងផលិតនាឡិការហូតដល់២៥គ្រឿងសម្រាប់ថ្នាក់ដឹកនាំកំពូល និងស្ថាប័នកំពូល ដោយដាក់ឈ្មោះថា អាស៊ាន ប៉ុន្តែ Made In Cambodia ឱ្យគេដឹងថា ខ្មែរបច្ចុប្បន្នអាចផលិតបាន នាឡិកា»។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី១១ ខែតុលា។
សម្តេចតេជោ បានមានប្រសាសន៍ដូច្នេះថា « ខ្ញុំនឹងចែកកាដូជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ហើយនៅថ្ងៃនោះ ខ្ញុំនឹងពាក់នាឡិកាអាស៊ាននេះ ទៅតែម្តង ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ»។
សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាបានអញ្ជើញមេដឹកនាំស្ថាប័នអន្តរជាតិជាច្រើន ដោយមានតាំងពីប្រធានធនាគារពិភពលោក អគ្គនាយក IMF ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ADB អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក អគ្គនាយកអង្គ ការសុខភាពពិភពលោក ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានអង្គការសហប្រតិបត្តិការសៀងហៃ និងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក។
កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ កម្ពុជា ក៏នឹងរៀបចំកិច្ចសន្ទនាសាកលអាស៊ានលើកទី២ ផងដែរ៕