ខេត្តបាត់ដំបង៖ ក្មេងប្រុសម្នាក់ទៀតហើយខណៈកំពុងលេងទឹកដែលហូរកាត់ផ្លូវថ្នល់ក៏រអិលជើងធ្លាក់ចូលក្នុងប្រឡាយទឹកជ្រៅបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៩និង០០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅចំណុចលូទួលបេង ស្ថិតនៅក្នុងភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ឆាយ ស៊ីហ្វុង អាយុ០៩ឆ្នាំ រស់នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ក្មេងប្រុសរងគ្រោះខាងលើបានទៅលេងទឹកដែលហូរកាត់ថ្នល់ជាមួយមិត្តភក្តិពីរបីនាក់ ហើយមួយសន្ទុះក្រោយមកក៏ស្រាប់តែរអិលជើងធ្លាក់ចូលទៅកន្លែងជ្រៅ ភ្លាមនោះសាច់ញាតិក្មេងរងគ្រោះបានឃើញនិងបានហៅគេអោយជួយតែដោយសារទឹកជ្រៅនិងមេឃងងឹតផងពិបាកក្នុងការរាវរកដោយប្រើរយៈពេលជាងកន្លះម៉ោងទើបរកឃើញតែក្មេងប្រុសបានស្លាប់បាត់ទៅហើយ។
ក្រោយទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃបានចុះទៅពិនិត្យធ្វើកំណត់ហេតុនិងប្រគល់សពអោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីនៅវត្តអារញ្ញរាសី ហៅវត្តរូង ផងដែរ៕