អគ្គលេខាធិការរងនៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Alexander Venediktov បានប្រកាសថា ប្រសិនបើណាតូដាក់បញ្ជូលអ៊ុយក្រែនជាសមាជិកនោះ សង្គ្រាមលោកលើកទីបី នឹងកើតឡើងជាមិនខាន ហើយប្រទេសសម័្ពន្ធមិត្តយោធា ដឹកនាំដោយអាមេរិកបានដឹងយ៉ាងច្បាស់ពីករណីនោះ។
កាលពីចុងខែកញ្ញា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសថា ប្រទេសរបស់លោកបានជំរុញសុំចូលជាសមាជិក ណាតូឲ្យបានឆាប់បំផុត ។ សកម្មភាពខាងលើរបស់អ៊ុយក្រែនកើតឡើងក្រោយពេលដែលប្រធានាធិបតីរុស្ស៊ី រៀបចំពីធីដាក់បញ្ចូលខេត្តចំនួន៤របស់អ៊ុយក្រែន ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។
ក្នុងបទសម្ភាសន៍ជាមួយ TASS លោក វេណេឌីកតូវ បានគូសបញ្ជាក់ថា «ទីក្រុងកៀវដឹងយ៉ាងច្បាស់ថា ជំហានបែបនេះនឹងធានានូវការកើនឡើងកម្តៅ ឈានទៅដល់សង្រ្គាមលោកលើកទី៣។ ជាក់ស្តែង នោះហើយជាអ្វីដែលពួកគេកំពុងរំពឹងចង់បាន គឺដើម្បីបំពុលព័ត៌មាន និងទាញការយកចិត្តទុកដាក់មកលើពួកគេ»។ លោក វេណេឌីកតូវ ក៏បានលើកឡើងម្តងទៀតនូវជំហររបស់រុស្ស៊ីចំពោះលោកខាងលិច ថាតាមរយៈការជួយអ៊ុយក្រែន រុស្ស៉ីនឹងចាត់ទុកពួកគេ គឺជាភាគីផ្ទាល់នៃជម្លោះ។
ថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចេញសេចក្តីប្រកាសដ៏ភ្ញាក់ផ្អើលមួយ គឺការដាក់ពាក្យជាផ្លូវការ ដើម្បីសុំចូលជាសមាជិករបស់បក្ខសម្ព័ន្ធយោធាណាតូ បន្ទាប់ពី លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី ធ្វើពិធីប្រកាសតំបន់ដាក់បញ្ចូលទឹកដីចំនួន៤ផ្នែករបស់អ៊ុយក្រែន ជាទឹកដីរុស្ស៊ី៕