កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលគណៈស្នងការ និងមន្ត្រីក្រោមឱវាទនៃស្នងការដ្ឋាននគរបាលទាំងអស់ សូមថ្កោលទោសដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះ សេចក្តីថ្លែងការណ៍របស់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ តាមរយៈវីដេអូឃ្លីបនាពេលថ្មីៗនេះ ដែលបានញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធធ្វើការប៉ះបោរ និងបានប្រមាថដោយអសីលធម៌ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
ក្នុងញត្តិដែលសារព័ត៌មាន អែស អរ អិន ស្នងការដ្ឋាននគរបាល ខេត្តកណ្តាលបានបញ្ជាក់ថា ការចិញ្ចឹមចិត្តផ្តួលរំលំរាជ រដ្ឋាភិបាលស្របច្បាប់នៅឆ្នាំ២០២៣ បានស្តែងឲ្យឃើញនូវចេតនាបំផុសបំផុល ចង់ធ្វើបដិវត្តន៍ពណ៌ បង្កចលាចលក្នុងសង្គម ដើម្បីបំពេញមហិច្ឆិតាបំផ្លាញ សន្តិភាពដែលរកបានដោយលំបាក។
កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តដីកាបញ្ជាឲ្យចាប់ខ្លួនទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ និងបក្ខពួក នៅគ្រប់ពេលវេលាដែលក្រុមនេះមានវត្តមាន នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា ដើម្បីបញ្ជូនទៅតុលាកាវិនិច្ឆ័យទោសតាមច្បាប់ជាធរមាន។
យើងខ្ញុំទាំងអស់គ្នាប្ដេជ្ញាការពារដាច់ខាតរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ការពារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ពិសេសការពារឲ្យខាងតែបាននូវសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ ព្រមទាំងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគត៕