ភ្នំពេញ៖ គិតត្រឹមរយៈពេល០២ ខែចាប់ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២២ ការងារបោសសម្អាតមីនក្នុងខេត្តគោលដៅសម្រេចបាន ៣១,១៨ ភាគរយ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ។
ថ្លែងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងទៀតថា បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ នាយករដ្ឋមន្រ្តី អាជ្ញាធរមីន បានដាក់ពង្រាយកម្លាំងបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ធ្វើការបោសសម្អាតមីននៅខេត្តចំនួន ០៥ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ និងត្រៀមប្រកាសជាខេត្តអស់មីន ក្រោមគម្រោងសម្តេចតេជោ ដែលក្នុងនោះអង្គភាពស៊ីម៉ាក់ បានដាក់ពង្រាយកម្លាំងសរុបចំនួន ៣៧ ក្រុម មានអ្នកជំនាញការឯកទេសកំចាត់មីនចំនួនជាង ៣៦០ នាក់ រួមទាំងសម្ភារគាំទ្រប្រតិបត្តិការ និងគ្រឿងចក្របោសសម្អាតមីន ផងដែរ។
ឯកឧត្តម បន្តទៀតថា ក្នុងទំហំផ្ទៃដី ៨.៧០៣.០៨២ ម៉ែត្រក្រឡា ដែលបានបោសសម្អាតរួច អង្គភាពស៊ីម៉ាក់ បានប្រតិបត្តិការរំដោះផ្ទៃដីមានមីនដែលបានដឹង ក្នុងខេត្តតាកែវ ចំនួន ២.៥១៥.២៦៩ ម៉ែត្រក្រឡា ស្មើនឹង ៦៩,៣៥ %, ខេត្តកំពង់ឆ្នាំង ចំនួន ៤៩៤.៥០០ ម៉ែត្រក្រឡា ស្មើនឹង ៧៩,០៥ %, ខេត្តកំពង់ចាម ចំនួន ៤៨០,៥២៩ ម៉ែត្រក្រឡា ស្មើនឹង ៣៩,៨៩ %, ខេត្តកំពត ចំនួន ១.៩៩២.១៥៧ ម៉ែត្រក្រឡា ស្មើនឹង ២០,៤១ % និងខេត្តស្វាយរៀង បាន ៣.២២០.៦២៧ ម៉ែត្រក្រឡា ស្មើនឹង ២៥,៣៦ %។
ឯកឧត្តម បញ្ជាក់បន្ថែមទៀតថា ការងារបោសសម្អាតមីន គ្រោងនឹងសម្រេចមុនផែនការកំណត់ ដែលក្នុងនោះ ខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ នឹងក្លាយជាខេត្តអស់មីននៅចុងខែតុលានេះ ខេត្តកំពង់ចាម អាចអស់បញ្ហាគ្រាប់មីននៅចុងឆ្នាំ២០២២ ។ ដោយឡែកខេត្តកំពត និងខេត្តស្វាយរៀង អាចបញ្ចប់ក្នុងខែមីនា ឆ្នាំ២០២៣។
លទ្ធផលនៃការបោសសម្អាតមីននេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅសេសសល់ក្រោយសង្រ្គាម ដែលធនធានទាំងនេះ បានមកពីការបំផុសឲ្យមានចលនាជាតិលប់បំបាត់គ្រាប់មីនឲ្យអស់ក្នុងឆ្នាំ២០២៥ របស់សម្តេចតេជោ។
ក្នុងរយៈពេលប្រតិបត្តិការ អង្គភាពស៊ីម៉ាក់បានជួបនូវឧបសគ្គមួយចំនួនដោយសារកត្តាគ្រោះធម្មជាតិទឹកជនលិចចម្ការមីននៅរដូវវស្សា ហើយនៅក្នុងករណីគ្រោះធម្មជាតិនេះ អង្គភាពស៊ីម៉ាក់បានធ្វើការផ្លាស់ប្តូរចល័តកម្លាំងចូលចម្ការមីនដែលមិនលិចទឹក ចំពោះចម្ការមីនដែលមានឧបសគ្គទឹកលិចនឹងត្រូវឆ្លើយតបនៅពេលក្រោយ៕