ខេត្តមណ្ឌលគិរី៖ ប៉ុន្មានថ្ងៃកន្លងមកនេះមានសេចក្តីរាយការណ៍អំពីករណីមន្ត្រីចម្រុះខេត្តមណ្ឌលគិរីផ្ទុះអាវុធទៅលើក្រុមអ្នកកាប់ព្រៃ ខ្លុង ត្បែង…មកពីស្រុកស្នួលខេត្ត ក្រចេះនៅក្នុងតំបន់អភិរក្ស កែវសីមាដែលធ្វើឲ្យមានការយល់ច្រលំខ្លះៗមកលើក្រុមសមត្ថកិច្ចនិងមន្ត្រីអភិរក្ស។ ប្រជាពលរដ្ឋ១៣នាក់មកពីភូមិស្រែរនាម ឃុំខ្សឹម ស្រុកស្នួល និយាយថា ខ្លួនប្រកបរបរកាប់អុសអាឈើនេះជាយូរមកហើយនិងតែងតែចូលព្រៃកាប់ឈើអុសនៅតំបន់នោះជាយូរឆ្នាំមកហើយដែរ។
ក្រុមប្រជាពលរដ្ឋបានចោទប្រកាន់ទៅលើកម្លាំងចម្រុះដែលប្រចាំការនៅតំបន់ត្រពាំងអំពិល ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនោះថា បានផ្ទុះអាវុធច្រើនគ្រាប់នៅវេលាយប់ថ្ងៃសៅរ៍ទី២២ខែតុលា ឆ្នាំ ២០២២នៅគ្រាដែលពួកគាត់កំពុងធ្វើដំណើរតាមគោយន្តត្រឡប់មកពីរកអុសឆ្ពោះទៅភូមិវិញ ។ ប៉ុន្តែអ្នកភូមិមិននិយាយអំពីមូលហេតុអ្វីដែលបណ្ដាលឲ្យ មានការផ្ទុះអាវុធនោះទេ។ ពួកគាត់មានគ្នាច្រើនរហូត ១៣ នាក់ និងគោយន្តកន្ត្រៃ៨គ្រឿងបានចូលព្រៃកាប់អុសកាប់យកមកអារលក់។
មន្ត្រីឧទ្យានុរក្សចំបក់នៃការិយាល័យដែនជម្រកសត្វព្រៃកែវសីមា ជាអ្នកនៅក្នុងហេតុការណ៍នោះបាននិយាយថាក្រុមប្រជាពលរដ្ឋទាំងនោះបានចូលមកកាប់ឈើប្រភេទ ខ្លុង.ត្បែង..នៅក្នុងតំបន់ហាមឃាត់ជាច្រើនលើកច្រើន សារមកហើយ។ ប្រជាពលរដ្ឋទាំងនោះក៏មានកិច្ចសន្យាយ៉ាងហោចណាស់ពីរដងរួចមកហើយក្នុងការបញ្ឈប់សកម្មភាពខុសច្បាប់បែបនេះ។ ក្រុមការងារបានអប់រំណែនាំប្រជាពលរដ្ឋទាំងនោះច្រើនលើកច្រើនសារកុំឲ្យចូលកាប់ឈើនិងរកខុសនៅក្នុងតំបន់ហាមឃាត់។ ប៉ុន្តែពួកគាត់នៅតែប្រព្រឹត្ត។ ពួកគាត់មានគោលដៅច្រើន យ៉ាងក្នុងសកម្មភាពក្រោមរូបភាពនៃការរកអុសនេះ។
នៅយប់កើតហេតុនោះក្រុមសមត្ថកិច្ចចម្រុះឃើញគោយន្តកន្ត្រៃបើកបន្តកន្ទុយគ្នា។ ពេលនោះក្រុមការងារក៏បានស្រែកហៅនឹងឃាត់ដើម្បីសួរនាំ។ ប៉ុន្តែនៅពេលឮសំឡេងមន្ត្រីស្រែកសួរនាំ ក្រុមការងារប្រជាពលរដ្ឋទាំង នោះបានព្យាយាមបើកគោយន្តយ៉ាងលឿនដើម្បីគេចពីក្រុមសមត្ថកិច្ចហើយអ្នកជិះទៅក្នុងគោយន្តបានច្រានអុសទម្លាក់មកលើផ្លូវ ដើម្បីទប់ស្កាត់កុំឲ្យកម្លាំងសមត្ថ កិច្ចតាមទាន់។ រីឯគោយន្តកន្ត្រៃផ្សេងទៀតដែលនៅខាង ក្រោយក៏បានព្យាយាមបើគេចតាមផ្លូវផ្សេងបាត់ទៅ។
នៅក្នុងហេតុការណ៍ដែលបានកើតឡើងនៅវេលាម៉ោង ១១យប់ថ្ងៃទី ២២ខែតុលាឆ្នាំ ២០២២ នោះសមត្ថកិច្ចបានព្យាយាមឃាត់សួរនាំដោយសន្តិវិធី ប៉ុន្តែប្រជា ពលរដ្ឋដែលមានខ្លួន ដឹងកំហុសទាំងនោះក៏បានព្យាយាមគេចពីការទទួលខុសត្រូវនិងដោយអាងថាខ្លួនមានគ្នីគ្នាច្រើនក៏នៅតែមានៈ បើកគោយន្តគេចចេញពីកម្លាំងចម្រុះរបស់សមត្ថកិច្ច។ ដោយការជជែកគ្នាស្ដាប់មិនបាន នឹងដោយខឹងផងទើបសមត្ថកិច្ចសម្រេចផ្ទុះអាវុធដើម្បីបំបែកកង់គោយន្ត។
បើតាមមន្ត្រីសមត្ថកិច្ចនៅស្នាក់ការចំបក់បានឲ្យដឹងថាប្រជាពលរដ្ឋមកពីស្រុកស្នួលខេត្តក្រចេះទាំងនោះតែង តែចូលមកធ្វើសកម្មភាពអាឈើ កាប់ឈើ ក្រោមរូបភាពនៃការរកអុស ប៉ុន្តែវាហាក់ដូចជាមានចរន្តមួយឲ្យចូលមកកាប់ឈើផ្ដួលរំលំ ហើយបន្ទាប់មកមានអ្នកសំអាតព្រៃដើម្បីយកដី។ ក្រុមការងារស្នាក់ការចំបក់តែងតែអប់រំណែនាំនិងធ្វើកិច្ចសន្យាជារឿយៗកុំឲ្យមានការខុសឆ្គងបន្តទៀត។ ដោយហេតុដូច្នេះហើយនៅពេលដែលជួបកម្លាំងមានសមត្ថកិច្ចទើបប្រជាពលរដ្ឋទាំងនោះដឹងខ្លួនខុសហើយក៏ព្យាយាមបើកគោយន្តកន្ត្រៃគេចឲ្យខាងតែបាន។
ចំពោះការចោទប្រកាន់របស់ឈ្មោះឈឿន ចាន់រី នៃអ្នកដែលបានចូលព្រៃកាប់ព្រៃខ្លុង,ត្បែង..ថាសមត្ថកិច្ចចម្រុះទាំងនោះទារប្រាក់ពីពួកគាត់នោះ លោកសៀង រ៉ាវី មន្ត្រីបរិស្ថាននៃដែនជម្រកសត្វព្រៃកែវសីមាទទួលបន្ទុកការងារនេះបានបដិសេធដោយបានបញ្ជាក់ថា ពុំមាន សមត្ថកិច្ចណានៅ ក្នុងហេតុការណ៍នោះបង្គាប់ទារប្រាក់ពីប្រជាពលរដ្ឋនោះឡើយ។ ផ្ទុយទៅវិញគឺប្រជាពលរដ្ឋទាំងនោះសុទ្ធតែជាអ្នកមានខ្លួនហើយព្យាយាមគេចវេសពីការទទួលខុសត្រូវពេលដែលសមត្ថកិច្ចបានណែនាំច្រើនលើកច្រើនសារហើយនោះ៕SRN