ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នង ការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសំណេះសំណាលសាកសួរសុខទុក្ខនិងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិសរុប៨០លានរៀលជូនគ្រួសារសពមន្រ្តីនគរបាលមរណៈ១៤នាក់ ដើម្បីជាការបង្ហាញយកចិត្តទុកដាក់និងការគិតគូរខ្ពស់ចំពោះគ្រួសារមន្រ្តីនគរបាលមរណៈ។ ពិធីសំណេះ សំណាលនិងប្រគល់ថវិកាបានធ្វើនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងនោះមានវត្ត ចូលរួមពី លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធាន មនុស្សនិងលោកវរសេនីយ៍ឯក ហ៊ុន ហេង នាយការិយាល័យគណនេយ្យផែនការងារភស្ថុភារនិងហិរញ្ញវត្ថុ និងលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត នាយរងការិយាល័យបុគ្គលិក។
ឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពមន្រ្តីនគរបាលមរណៈទាំង១៤នាក់ ហើយបានចាត់ទុកការ បាត់បង់នេះ មិនត្រឹមតែជាការបាត់បង់ ស្វាមី ឬឪពុកជាទីស្រលាញ់ដ៏ជ្រាលជ្រៅប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាការបាត់បង់មន្ត្រីធ្លាប់បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋយ៉ាងសកម្ម និងធ្លាប់រួមចំណែកអភិវឌ្ឍសង្គមជាតិក្នុងរយៈពេលកន្លង មក ។ ជាពិសេសស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបាត់បង់មន្រ្តីនគរបាលឆ្នើមមានស្នាដៃល្អក្នុងការបំពេញភារកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់នាំមកនូវសុខសុវត្ថិភាពស្ថិរភាពជូនប្រជាពលរដ្ឋនិងបានរួមចំណែក្នុងការចូលរួមគាំទ្រអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នាំឱ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចម្រើន។
លោកស្នងការនគរបាលរាជធានីភ្នំពេញបានលើកឡើងទៀតថា៖ នៅគ្រប់កាលៈទេសៈគឺប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគឺមិនបោះបង់ចោលគ្រួសារនគរបាលពាលីមរណៈនោះទេ តែងយកចិត្តទុកដាក់ចំពោះបងប្អូនជា និច្ច។
សូមបញ្ជាក់ថា គ្រួសារសពមន្រ្តីនគរបាលមរណៈទាំង ១៤នាក់ខាងលើ ក្នុងនោះសពមន្រ្តីនគរបាលមរណៈ ៨នាក់ទទួលបានថវិកាក្នុង១សពចំនួន៦លានរៀលនិងគ្រួសារនិវត្តន៍ជន ៥នាក់ ក្នុង១សពទទួលថវិកា៦លានរៀល និងមន្រ្តីនគរបាលម្នាក់ដែលមានភរិយាបានទទួលមរណភាពក៏ទទួលបានថវិកា២លានរៀលផងដែរ៕SRN