ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនមន្រ្តីយោធា២នាក់ ដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់ពីបទ ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងរំលោភសេចក្តីទុកចិត្ត។
យោងតាមតាមដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគាររបស់លោក យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន ទទួលបាន នៅថ្ងៃនេះ បាន បញ្ជាក់ថា ជនត្រូវចោទទាំង២នាក់ ដែលត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌចាប់ខ្លួន និងត្រូវឃុំខ្លួនដាក់ពន្ធនាគារនេះ រួមមាន៖
ទី១៖ ឈ្មោះ ហៃ ច័ន្នភារិទ្ធ អាយុ៤៥ឆ្នាំ មានមុខរបរជាមន្រ្តីយោធា ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ មានស្រុកកំណើតភូមិទ្រា ឃុំស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងមានទីលំនៅបច្ចុប្បន្នផ្ទះលេខ៥៤ ផ្លូវលេខ៦៤០ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មន្រ្តីយោធារូបនេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង » ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ បទល្មើស៦២៨ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។
ទី២៖ ឈ្មោះ លឹម មានសុខ អាយុ៥៤ឆ្នាំ មុខរបរជាយោធា ឋានន្តរស័ក្តិវរសេនីយ៍ទោ ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ៧ គំរោងទី៨ បុរីប៉េងហួតបឹងស្ទើរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មន្រ្តីយោធារូបនេះត្រូវបានចោទប្រកាន់ពីបទ «រំលោភលើទំនុកចិត្ត» ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៨១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។
របាយការណ៍របស់នគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា មន្រ្តីយោធាទាំង២នាក់នេះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ បើតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា បុគ្គលទាំង២នាក់នេះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ដោយសារមានពាក្យបណ្តឹងរបស់ជនរងគ្រោះ រឿងប្រគល់លុយឲ្យពួកគេទាំង២នាក់ រៀបចំទិញដី ប៉ុន្តែទីបំផុតក្រោយទទួលបានលុយហើយ គឺគ្មានដីឲ្យម្ចាស់លុយនោះឡើយ។
ក្រោយមានដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញរួចមក ជនត្រូវចោទទាំង២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ពន្ធនាគារព្រៃសរនៅថ្ងៃនេះតែម្តង៕SRN