កណ្តាល ៖ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ ACU បានបញ្ជូនខ្លួនស្មៀនសង្កាត់តាខ្មៅ លោក សុខ សុផា ទៅតុលាការខេត្តកណ្តាលហើយ ពាក់ព័ន្ធរឿងស៊ីដាច់លុយរបស់ប្រជាជនក្រីក្រជាង៦០លានរៀល។ បន្ទាប់ពីបញ្ជូនស្មៀនសង្កាត់តាខ្មៅរូបនោះមក ត្រូវបានលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល ធ្វើការសាកសួរ និងសម្រេចធ្វើការចោទប្រកាន់ពីបទ «ការកេងយកផលប្រយោជន៍ដោយខុសច្បាប់» តាមមាត្រា៥៩៧, មាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌ បន្ទាប់មកបញ្ជូនទៅកាន់លោកចៅក្រមស៊ើបសួរ ដើម្បីមានចំណាត់ការបន្តតាមនីតិវិធីច្បាប់។ ដែលប្រព្រឹត្តនៅក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅរដ្ឋបាលសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បើយោងតាមប្រភពព័ត៌មានច្បាស់ការណ៍បានអោយដឹងនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ស្មៀនសាលាសង្កាត់តាខ្មៅ លោក សុខ សុផា កាលពីព្រលប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានកម្លាំងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយកម្លាំងរដ្ឋបាលខេត្តកណ្តាល កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងកម្លាំងនគរបាលក្រុងតាខ្មៅចុះចាប់ឃាត់ខ្លួនបានភ្លាមៗ ករណីស៊ីដាច់លុយពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងា.យរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ហើយត្រូវបានបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ ACU ហើយ ដើម្បីចំណាត់ការបន្ត។
ការឃាត់ខ្លួនលោកសុ ខ សុផា ស្មៀនឃុំសាលាសង្កាត់តាខ្មៅរូបនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយក្រុមការងារចម្រុះរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក និងជាអគ្គនាយកមូលនិធិជាតិជំនួយសង្គមដឹកនាំកម្លាំង ដោយសហការជាមួយរដ្ឋបាលខេត្តកណ្តាល មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងក្រុងតាខ្មៅ ចុះធ្វើការស្រាវជ្រាវជាបន្ទាន់នូវភាពមិនប្រក្រតី នៃការបន្លំដកយកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងា.យរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលប្រព្រឹត្តទៅនៅរដ្ឋបាលសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រហូតឈានដល់ការឃាត់ខ្លួនស្មៀនសាលាសង្កាត់តាខ្មៅដែលមាន ឈ្មោះ សុខ សុផា ទៀតផង។
ដោយយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ជុំ ចិន្តា កាន់សមធម៌លេខ 08110403-0086 ក្រុមការងារបានពិនិត្យស្រាវជ្រាវក្នុងប្រព័ន្ធរបស់ក្រសួងឃើញថា ប័ណ្ណសមធម៌របស់ឈ្មោះ ជុំ ចិន្តា គឺបានបើកប្រាក់ជាបន្តបន្ទាប់ចំនួន១៦ខែរួចហើយ ដែលក្នុងមួយខែចំនួន ២៣២.០០០ រៀល ស្មើនឹងទឹកប្រាក់សរុប ៣.៧១២.០០០ រៀល។ បន្ទាប់មកក្រុមការងារបានរកឃើញបន្ថែមនូវប័ណ្ណសមធម៌ ចំនួន ១៩ ប័ណ្ណទៀត ដែលមានភាពមិនប្រក្រតី និងមានការបន្លំដកប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងា.យរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់ឈ្មោះ សុខ សុផា ភេទប្រុស ដែលជាស្មៀន និងជាអ្នកអនុវត្តកម្មវិធីក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយសរុបទាំង ២០ ប័ណ្ណ គឺមានទឹកប្រាក់សរុបចំនួន ៧០.៩៨៨.០០០ រៀល។
តាមចម្លើយសារភាពរបស់ឈ្មោះ សុខ សុផា ស្មៀនសង្កាត់តាខ្មៅ បានឆ្លើយសារភាពឱ្យដឹងថា ខ្លួនពិតជាបានធ្វើការផ្ទៀងផ្ទាត់, រក្សាទុក និងបានទៅដកប្រាក់ពីកម្មវិធីមករក្សាទុកខ្លួនឯង និងមិនប្រគល់ប្រាក់ ព្រមទាំងប័ណ្ណសមធម៌ជូនម្ចាស់ដើមពិតប្រាកដមែន៕ដោយ៖ សិរី នាគ