Breaking News

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្ត និងផ្តល់នូវទស្សនៈមួយចំនួនសម្រាប់រួមចំណែកដល់ការសម្រេចនូវគោលដៅឆ្នាំ២០២៥ក្នុងការដោះមីន

 ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានលើកទឹកចិត្តនិងផ្តល់នូវទស្សនៈមួយចំនួន សម្រាប់រួមចំណែកដល់ការសម្រេចនូវគោលដៅឆ្នាំ២០២៥ក្នុងការដោះមីន ។ សម្តេចតេជោ បានថ្លែងក្នុងពិធីបិទសន្និបាតជាតិប្រារព្ធខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្តេចតេជោបន្តថា កម្មវិធីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាបានចាប់ផ្តើមនៅឆ្នាំ១៩៩២ ដើម្បីបញ្ចៀសការគ្រោះថ្នាក់ដល់អាយុជីវិត របស់ប្រជាពលរដ្ឋដោយមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម សម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនដោយសង្គ្រាម និងប្រែក្លាយដីសម្រាប់សកម្មភាពសេដ្ឋកិច្ច ។ ជាប្រទេស រងផលប៉ះពាល់ដោយសង្គ្រាម និងជាប្រទេសស្រឡាញ់សន្តិភាពនៅឆ្នាំ ១៩៩៧ កម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ក្នុងឆ្នាំ២០០០ ។

 

ដើម្បីរួមចំណែកដល់ការសម្រេចនូវគោលដៅឆ្នាំ ២០២៥ សម្តេច នាយករដ្ឋមន្ត្រីបានលើកទឹកចិត្ត និងផ្តល់នូវទស្សនៈមួយចំនួនរួមមនា៖

១. សូមបន្តកិច្ចសហប្រតិបត្តិការគាំទ្ររបស់ដៃគូអភិវឌ្ឍ ប្រទេសជាមិត្ត វិស័យឯកជន និងសប្បុរសជន ទាំងផ្នែក បច្ចេកទេស ថវិកា និងសម្ភារៈ ក្នុងបេសកកម្មបោសសម្អាតមីននៅកម្ពុជា ដើម្បីឈានដល់ការសម្រេចបាននូវគោលបំណងនៃ ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និង ការសម្រេចបានគោលដៅ “ កម្ពុជាគ្មានមីន ” នៅត្រឹមឆ្នាំ២០២៥ ។

២. ក្រសួង-ស្ថាប័នដែលមានគម្រោងអភិវឌ្ឍថ្នាក់ជាតិពាក់ព័ន្ធនឹងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះត្រូវសហការជាមួយអាជ្ញាធរមីន ដើម្បីកំណត់វិធីសាស្ត្របោសសម្អាតមីនសមស្រប និងមានប្រសិទ្ធភាព ដើម្បីធានាឱ្យបានថា ប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ អនុលោមទៅតាមបទប្បញ្ញត្តិ គុណភាព សុវត្ថិភាព និងស្តង់ដារនៃការបោសសម្អាត ។

៣. ខ្ញុំសូមលើកទឹកចិត្តដល់ក្រសួងសុខាភិបាល និង  ស្ថាប័នពាក់ព័ន្ធឱ្យបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសុខា- ភិបាល និងព្យាបាលជំងឺដោយឥតគិតថ្លៃ ប្រកបដោយវិជ្ជាជីវៈដល់ប្រតិបត្តិករបោសសម្អាតមីន ។

៤.  អាជ្ញាធរមីនត្រូវកែសម្រួលឯកសារគតិយុត្ត និងធ្វើសុខដុមនីយកម្មរចនាសម្ព័ន្ធនៃការគ្រប់គ្រងសកម្មភាពមីន ដើម្បីដោះស្រាយបញ្ហាគំរាមដោយមីន និងសំណល់ជាតិផ្ទុះ និងត្រូវបន្តអនុវត្ត “យន្តការភូមិអស់មីន” ឱ្យបានជោគជ័យ ។

៥. ខ្ញុំសូមលើកទឹកចិត្តប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ បង្កើនកិច្ចសហការជាមួយអាជ្ញាធរមីន ក្នុងការពង្រឹងបន្ថែមលើការងារគ្រប់គ្រងវិស័យសកម្មភាពមីន និងការបញ្ជូនកម្លាំងដែលជាជនជាតិខ្មែរ ក្នុងវិស័យសកម្មភាពមីនទៅក្រៅប្រទេស ព្រមទាំងត្រូវធ្វើការសិក្សាតាមលក្ខណៈបច្ចេកទេសជាក់ស្តែងអំពីលទ្ធភាពកាត់បន្ថយផ្ទៃដី ដែលមានការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះ សំដៅធានាសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធផល នៃការអនុវត្តការងារដ៏មានសារៈសំខាន់នេះ ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *