ក្រុមហ៊ុនបណ្ដាញសង្គមកម្សាន្ត TikTok កំពុងដំណើរការឡើងវិញនូវសេវាកម្មរបស់ខ្លួនដល់អ្នកប្រើប្រាស់ ១៧០លាននាក់ នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បាននិយាយថា លោកនឹងចេញក្រិត្យមួយដើម្បីផ្តល់ការបន្ធូរបន្ថយដល់កម្មវិធីនេះ នៅពេលលោកចូលកាន់តំណែងនៅថ្ងៃចន្ទសប្ដាហ៍នេះ។
កាលពីល្ងាចថ្ងៃសៅរ៍ចុងសប្ដាហ៍មុន កម្មវិធី ឬ app ដែលគ្រប់គ្រងដោយប្រទេសចិនមួយនេះ បានបិទដំណើរការសម្រាប់អ្នកប្រើប្រាស់អាមេរិក បន្ទាប់ពីច្បាប់ហាមប្រាមផ្អែកលើហេតុផលសន្តិសុខជាតិបានចូលជាធរមាន។
លោក Trump ដែលកន្លងមកបានគាំទ្រការហាមប្រាមវេទិកានេះ បានសន្យាកាលពីថ្ងៃអាទិត្យដើម្បីពន្យារពេលការអនុវត្តច្បាប់ និងអនុញ្ញាតឱ្យមានពេលវេលាបន្ថែមទៀតសម្រាប់កិច្ចព្រមព្រៀងមួយត្រូវធ្វើឡើង។កម្មវិធីបង្ហោះវីដេអូខ្លីៗដ៏ពេញនិយម TikTok បាននិយាយថាខ្លួនកំពង់ដំណើរការសេវាកម្មនេះឡើងវិញ ។
មិនយូរប៉ុន្មាន កម្មវិធីនេះបានចាប់ផ្តើមដំណើរការម្តងទៀត ហើយបានផ្ញើសារទៅកាន់អ្នកប្រើប្រាស់រាប់លាននាក់របស់ខ្លួន ដោយបានថ្លែងអំណរគុណដល់លោក Trump ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនបានថ្លែងអំណរគុណដល់ប្រធានាធិបតីដែលចូលកាន់តំណែងនៅថ្ងៃទី២០មករា សម្រាប់ការផ្តល់នូវភាពច្បាស់លាស់ និងការធានាចាំបាច់ ហើយបាននិយាយថា ខ្លួននឹងធ្វើការជាមួយ លោកTrump លើដំណោះស្រាយរយៈពេលវែងដែលរក្សាបាននូវវត្តមានរបស់ TikTok ក្នុងទឹកដីសហរដ្ឋអាមេរិក៕
80lwmc