Breaking News

ក្រសួងបរិស្ថាន​ សម្រេចផ្អាកដំណើរការផ្នែកផលិតកម្មរបស់ក្រុមហ៊ុនមួយ​ នៅខេត្តកណ្តាល​ ដែលលួចបង្ហូរសំណល់រាវមានពណ៌ចូលស្ទឹងព្រែកត្នោត

កណ្តាល៖​ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋាន EIA ដឹកនាំដោយ​ លោក ធីវ សុភារិទ្ធ អគ្គនាយករង ដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តកណ្តាល រដ្ឋបាលស្រុកអង្គស្នួល និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះត្រួតពិនិត្យករណីមានសេក្តីរាយការណ៍ថា ក្រុហ៊ុន Win Ta Garment & Finishing Co., Ltd. បានបង្ហូរសំណល់រាវមានពណ៌ចូលស្ទឹងព្រែកត្នោត បង្កឲ្យមានផលប៉ះពាល់ដល់ការប្រើប្រាស់ទឹក និងសុខភាពសាធារណៈ ស្ថិតនៅភូមិសរមាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ឆ្លងតាមរយៈនៃការពិនិត្យនៅទីតាំងជាក់ស្តែង និងការផ្តល់ព័ត៌មានពីតំណាងក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មន្រ្តីជំនាញក្រសួងបរិស្ថានមើលឃើញថា ក្រុមហ៊ុននេះ ជាប្រភេទរោងចក្របោកគក់សម្លៀកបំពាក់សុទ្ធ និងបានបើកដំណើរការនៅខែតុលា ឆ្នាំ២០២៤ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុនពុំទាន់រៀបចំរបាយការណ៍ EIA រួចរាល់ទេ ដោយស្ថិតក្នុងលក្ខណៈជាពង្រាងនៅឡើយ។ នៅក្នុងដំណើរការបោកគក់ រោងចក្រ មានម៉ាស៊ីនបោកគក់ចំនួន​ ២៥គ្រឿង (ប្រភេទធុនធំ) ដោយបច្ចុប្បន្នដំណើរការបោកគក់តែចំនួន​ ១៥គ្រឿងប៉ុណ្ណោះ ដោយចំនួន​ ១០គ្រឿងទៀត​ តម្លើងពុំទាន់រួចរាល់ និងមានកម្មករធ្វើការចំនួន​ ៩០នាក់ ដែលធ្វើការពីរវេន/ថ្ងៃ (វេនពេលថ្ងៃ និងយប់)។

ក្រុមហ៊ុន មានអាងប្រព្រឹត្តិកម្មសំណល់រាវ ដោយរៀបចំបំពាក់បច្ចេកទេសសម្អាតតាមបែបលក្ខណៈជីវសាស្ត្រ-គីមីសាស្ត្រ។ ប៉ុន្តែតាមការពិនិត្យ ក្រុមហ៊ុនបានបង្ហូរសំណល់រាវចូលស្ទឹងព្រែកត្នោតតាមរយៈបំពង់ទុយោដែលមានអង្កត់ផ្ចិតប្រវែង ០,៨០ម៉ែត្រ ដោយពុំបានឆ្លងកាត់ធ្វើប្រព្រឹត្តិកម្មសម្អាតត្រឹមត្រូវឡើយ។ ជាក់ស្តែង នៅចំណុចចុងបំពង់ទុយោបង្ហូរចូលស្ទឹង ឃើញមានស្លាកស្នាមនៃដានទឹកពណ៌ខៀវជាប់ប្រឡាក់លើដីនៃមាត់ច្រាំងខាងលើ។ ចំណែកឯនៅមាត់ច្រាំងផ្នែកខាងក្រោមនៃស្ទឹងវិញ ឃើញមានទឹកសំណល់រាវពណ៌ក្រម៉ៅដល់សល់ផងដែរ។

ជាមួយគ្នានេះដែរ ក្រុមការងារជំនាញ​ បានពិនិត្យឃើញមានលូចំហរ (លក្ខណៈបេតុង) សម្រាប់ធ្វើការបង្ហូរសំណល់រាវចេញពីអាងស្តុកចេញទៅក្រៅផ្ទាល់តែម្តង ដោយពុំចាំបាច់បូមទៅធ្វើការសម្អាតទេ។ ចំពោះស្ថានភាពទឹកស្ទឹងនៅចំកណ្តាលនៃស្ទឹង នឹងនៅចន្លោះសងខាងទីតាំងក្រុមហ៊ុន (ខ្សែទឹកខាងលើ និងខ្សែទឹកខាងក្រោម) គឺស្ថានភាពពណ៌ទឹកមានលក្ខណៈធម្មតា។ ទាក់ទងនឹងបញ្ហាបង្ងូរសំណលរាវចូលក្នុងស្ទឹងព្រែកនេះ លោកមេឃុំព្រៃពួច និងលោកមេភូមិសរមាំង បានឲ្យដឹងថា រយៈកាលកន្លងមកពុំដែលឃើញមានបញ្ហាទឹកសំណល់ពណ៌ខ្មៅបង្ហូរចូលស្ទឹង ឬក៏មានប្រជាពលរដ្ឋរាយការណ៍មកអាជ្ញាធរដែនដីទេ ទើបតែដឹងនៅពេលមានសារព័ត៌មានចុះផ្សាយនាយពេលថ្មីៗនេះ។

ជារួមសកម្មភាពរបស់ក្រុមហ៊ុននេះ បានបង្កឲ្យមានបញ្ហាបំពុលទឹកស្ទឹង បង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ ដែលជាការប្រព្រឹត្តល្មើសនឹងក្រមបរិស្ថាន​ និងធនធានធម្មជាតិ ដែលតម្រូវឲ្យត្រូវចាត់វិធានការដូចខាងក្រោម៖

១.​ ផ្អាកផ្នែកផលិតកម្មបញ្ចេញសំណល់រាវ ជាបណ្តោះអាសន្ន រហូតដល់ក្រុមហ៊ុនរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA រួចរាល់។

២.​ ពិន័យអន្តរការណ៍ជាប្រាក់ ដោយអនុលោមតាមប្រកាសអន្តរក្រសួងលេខ១០៧០។

៣.​ ធ្វើការរុះរើលូចំហរ និងបំពង់លូបង្ហូរសំណល់រាវចូលស្ទឹងចេញឲ្យអស់ជាបន្ទាន់ ដើម្បីជៀសវាងការលួចបង្ហូរចេញតទៅទៀត ដោយតម្រូវឲ្យមានលូបង្ហូរទឹកចេញតែមួយទីតាំង ដើម្បីងាយស្រួលក្នុងការតាមដាន​ និងត្រួតពិនិត្យ។

៤.​ តម្រូវឲ្យកែសម្រួលអាងព្រឹត្តិកម្មសំណល់រាវឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដោយអនុលោមតាមស្តង់ដារបរិស្ថាន ដែលអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្អាតសំណល់រាវឆ្លើយតបនឹងស្តង់កំណត់។

៥.​ ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវពីអាងប្រព្រឹត្តិកម្ម ទៅតាមការកំណត់។

៦.​ ត្រូវធ្វើស្តារសម្អាតបរិស្ថានស្ទឹងព្រែកត្នោត ដែលទទួលរងផលប៉ះពាល់ ឲ្យមានភាពដូចដើមវិញ។

៧.​ ត្រូវផ្តល់សំណងផលប៉ះពាល់ដល់បរិស្ថាន និងសង្គម និងសុខភាពប្រជាពលរដ្ឋ ទៅតាមការគណនា​ និងវាយតម្លៃពីមន្ត្រីជំនាញ៕

Check Also

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៣នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

Leave a Reply

Your email address will not be published. Required fields are marked *