កណ្តាល៖ ប្រជាពលរដ្ឋ អាចធ្វើដំណើរបានដោយងាយស្រួល កាត់ពីស្រុកកោះធំ ទៅស្រុកលើកដែក នៃខេត្តកណ្តាល ដោយមិនចាំបាច់វាងទៅតាមផ្លូវផ្សេងណាទៀតឡើយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
បើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី១ ខែកុម្ភៈនេះថា គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៥ គម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ នៃគម្រោងកែលម្អផ្លូវថ្នល់ជំហានទី២ ការអនុអវត្តគម្រោងសម្រេចបានលទ្ធផលជារួម ៦៩,៤០%ហើយ។
លោក បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ២៣ (NR23) ប្រវែង ១៩,៨ គីឡូម៉ែត្រ ទទឹង១១ម៉ែត្រ ពីគល់ស្ពានកោះធំ ត្រើយខាងកើត ក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ(PK0+000) ដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល (PK19+800) ឆ្លងកាត់ឃុំចំនួន៤ គឺឃុំជ្រោយតាកែវ ឃុំកំពង់កុង ឃុំលើកដែក និងឃុំពាមរាំង បានស្ថាបនាជិតរួចរាល់ ។
លោក ផន រឹម ក៏បានបញ្ជាក់ផងដែរថា ខ្សែផ្លូវនេះ ជាផ្នែកចម្បង និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល តភ្ជាប់នៅក្នុងតំបន់ ដ៏ប្រទាក់ក្រឡា ព្រមទាំងផ្តល់អាទិភាពសម្រាប់សម្រួលដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋ៕SRN