ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកុម្ភៈម្សិលមិញនេះ បានបើកប្រតិបត្តិការចុះចាប់ខ្លួនបុរសម្នាក់ ឈ្មោះ ឆេង សុភ័ក្ត នៅខណ្ឌកំបូល ដោយអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ ០៣៧ អ.យ.ក ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបុរសរូបនេះ មិនព្រមចូលខ្លួនដោះស្រាយបណ្តឹងពីសំណាក់ក្រុមអ្នកប្រមូលទិញស្រូវ។
យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា ប្រតិបត្តិការចុះចាប់ខ្លួន បានធ្វើឡើងនៅវេលាម៉ោង ៩ព្រឹក បន្ទាប់ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញដីកាកោះហៅចំនួន ២ដងរួចមកហើយ ឱ្យបុគ្គលរូបនេះ ចូលទៅដោះស្រាយបណ្តឹងរឿងទិញស្រូវ មិនទូទាត់ប្រាក់ តែបុគ្គលរូបនេះ បានគេចវេះ ទើបកម្លាំងសមត្ថកិច្ច បានស្នើសុំដីកាពីអយ្យការអមសាលាដំបូង ដើម្បីចាប់ខ្លួនបុគ្គលរូបនេះ យកមកដោះស្រាយតាមផ្លូវច្បាប់។
ប្រភពព័ត៌មាន បានបញ្ជាក់ថា ឈ្មោះ ឆេង សុភ័ក្ត ភេទប្រុស អាយុ ៣០ឆ្នាំ ត្រូវបានប្តឹងពីបទ ឆបោក និងរំលោភសេចក្តីទុកចិត្ត ដែលប្តឹងដោយក្រុមអ្នកប្រមូលទិញ-លក់ស្រូវនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានស្នើសុំឲ្យឈ្មួញកណ្ដាលរូបនេះ ទូទាត់សងប្រាក់ពួកគាត់វិញតាំងពីខែកញ្ញា ឆ្នាំ២០២៤ តែគាត់តែងតែប្រកែកមិនព្រមទូទាត់សងរហូតមកដល់បច្ចុប្បន្ន។
គួររំលឹកថា កាលពីកំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមអ្នកប្រមូលទិញស្រូវពីប្រជាកសិករ នៅក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ បានស្នើសុំដល់លោក ឆេង សុភ័ក្ត ដែលពួកគេហៅថាជា«ឈ្មួញកណ្តាល» ឱ្យជួយទូទាត់ប្រាក់ដល់ពួកគេ ដើម្បីពួកគេយកប្រាក់ទាំងនោះ ទៅទូទាត់ជាមួយប្រជាកសិករ។ ប៉ុន្តែ លោក ឆេង សុភ័ក្រ បានប្រកាសបដិសេធថា លោកមិនដែលស្គាល់ និងមិនដែលមានទំនាក់ទំនងជាមួយនឹងក្រុមអ្នកប្រមូលទិញស្រូវពីប្រជាកសិករទាំងនេះឡើយ។
ទោះបីមានការបដិសេធយ៉ាងណា ក៏ក្រុមអ្នកប្រមូលទិញស្រូវ បានអះអាងថា ពួកគាត់ បានប្រមូលទិញស្រូវពីប្រជាកសិករ ហើយយកទៅលក់ឱ្យលោក ឆេង សុភ័ក្ត ប៉ុន្តែ មិនមែនទាក់ទងលក់ដោយផ្ទាល់ទេ គឺលក់ទៅឱ្យលោក ឆេង សុភ័ក្ត តាមរយៈលោក ឃុន វ៉ាន់នឿន។
អ្នកប្រមូលទិញស្រូវពីប្រជាកសិករទាំងនេះ បានសំណូមពរយ៉ាងទទូចដល់លោក ឆេង សុភ័ក្ត ឱ្យទូទាត់ប្រាក់ឱ្យលោក ឃុន វ៉ាន់នឿន ដើម្បីទូទាត់បន្តមកពួកគេ ហើយពួកគេយកប្រាក់ទាំងនេះ ទៅទូទាត់បន្តដល់ប្រជាកសិករ។ បើតាមក្រុមអ្នកប្រមូលទិញស្រូវទាំងនេះ គឺពួកគេមិនមានប្រាក់សម្រាប់ទូទាត់ដល់ប្រជាកសិករនៅឡើយទេ ហើយប្រជាកសិករកំពុងរង់ចាំប្រាក់ទាំងនេះ ដើម្បីយកទៅដោះស្រាយបញ្ហាជំពាក់ថ្លៃប្រេង និងថ្លៃជី និងដើម្បីយកទៅសងបំណុលគេ និងដោះស្រាយជីវភាពប្រចាំថ្ងៃ។
ចំពោះបញ្ហានេះ លោក ឆេង សុភ័ក្ត បានអះអាងថា រូបលោកមិនដែលស្គាល់ និងមានទំនាក់ទំនងជាមួយក្រុមអ្នកប្រមូលទិញស្រូវពីកសិករនៅ ស្រុកបានកាន ខេត្តពោធិ៍សាត់ និងស្រុកមោងឬស្សី ខេត្តបាត់ដំបង នោះទេ។ តាមរយៈសេចក្តីបំភ្លឺតាមបណ្តាញសង្គម លោក ឆេង សុភ័ក្ត ថែមទាំងបដិសេធថា លោកមិនមែនជាឈ្មួញទិញស្រូវ ហើយចោទថា លោក ឃុន វ៉ាន់នឿន និងភរិយា ស៊ន ពន ជាកូនបំណុល និងជាអ្នកជំពាក់លុយរបស់លោកថែមទៀតផង។
លោក ឆេង សុភ័ក្ត បានអះអាងបែបនេះថា៖«ខ្ញុំបាទសូមបញ្ជាក់ថា ឈ្មោះ ស៊ន ពន និងប្តីឈ្មោះ ឃុន វ៉ាន់នឿន ដែលបានសុំខ្ចីលុយពីរូបខ្ញុំបាទទៅទិញស្រូវយកមកឱ្យខ្ញុំ ហើយមិនបានប្រគល់លុយគ្រប់ចំនួនមកឱ្យខ្ញុំវិញទេ ខ្ញុំក៏បាទបានដាក់ពាក្យបណ្តឹងទៅអយ្យកាសាលាដំបូង រាជធានីភ្នំពេញ ដើម្បីដោះស្រាយលុយដែល ស៊ន ពន និងឃុន វ៉ាន់នឿន នៅជំពាក់ តែបុគ្គលទាំងពីរនាក់ប្ដីប្រពន្ធនេះ គេចវេសរហូតមិនព្រមចូលខ្លួនដោះស្រាយ»។
យ៉ាងណាក៏ដោយ ចំពោះបញ្ហានេះ ក្រុមអ្នកប្រមូលទិញស្រូវនៅក្នុងស្រុកមោងឫស្សី និងស្រុកបាកាន ខេត្តពោធិ៍សាត់ តាមរយៈមេធាវីរបស់ខ្លួន បានដាក់ពាក្យបណ្តឹងទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឱ្យសមត្ថកិច្ចជួយយរកយុត្តិធម៌ និងជួយដោះស្រាយករណីរបស់ពួកគាត់ ជាពិសេស គឺដើម្បីទទួលបានថវិកាយកទៅទូទាត់ជូនដល់ប្រជាកសិករ៕