(ភ្នំពេញ)៖ ក្នុងចំណោមប្រធានបទសំខាន់ទៀតនៅចុងបញ្ចប់នៃ សន្ទរកថា បិទសន្និបាតក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រី ស សុខា លោកបានផ្តល់ការណែនាំដល់រដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមអនុវត្តឱ្យបាន និងទប់ស្កាត់កុំឱ្យមានការខ្ចីប្រាក់ខុសច្បាប់ ខ្ចីប្រាក់ពីក្រុមជនបរទេស ខ្ចីប្រាក់ដែលមានកម្រិត នៃការដាក់គំនាបទៅលើអ្នកខ្ចី ខុសពីច្បាប់។
លោកឧបនាយករដ្ឋមន្ត្រីបាន បានអប់រំណែនាំដល់ប្រជាពលរដ្ឋ ប្រសិនបើក្រុមឱ្យខ្ចីប្រាក់នោះជាក្រុមដែលខុសច្បាប់ ក្រុមជនបរទេសដែលធ្វើការ កម្ចីតាមអនឡាញជាដើមនោះ គឺកុំសងតែម្តង បើសិនជាមានការរករឿងណាមួយសូមប្តឹងមកសមត្ថកិច្ច។
យ៉ាងណាក៏ដោយលោកឧបនាយករដ្ឋមន្ត្រី បានណែនាំបែងចែកឱ្យដាច់រវាង កម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬអង្គភាពផ្តល់ប្រាក់កម្ចី ដែលគេធ្វើប្រតិបត្តិការស្របតាមច្បាប់ និងកម្ចីជាលក្ខណៈឯកជនបុគ្គល និងបុគ្គល ដែលផ្ទុយពីកម្ចីខុសច្បាប់នោះ គឺត្រូវតែមានកាតព្វកិច្ចសងទៅតាមច្បាប់ និងការព្រមព្រៀង៕