ភ្នំពេញ៖ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមការងារប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងគ្រឿងញៀន បានឲដឹងថា ក្រុមប្រតិកម្មរហ័សនៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូន សាធារណជនឱ្យបានជ្រាបថា នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ គណនីហ្វេសប៊ុកមួយឈ្មោះ Pheavy Fc និងសារព័ត៌មានស៊ី អរ អិន (www.crnnews.net) បានបង្ហោះវីដេអូ និងរូបថតនៃ សកម្មភាពបង្ក្រាបបទល្មើសគ្រឿងញៀន ដោយសរសេរថា «មិនដឹងជាប៉ូសិសខាងណាទេ គ្មានឯក សណ្ឋានមកចាប់មនុស្សញាត់ឡាន ដូចជាឃោរឃៅណាស់ សង្កាត់ព្រែកកំពឹង»។ ការបង្ហោះនេះត្រូវ បានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក នាំគ្នាចែកចាយតៗគ្នា និងមានបញ្ចេញមតិរិះគន់ បង្កឱ្យមាន ការយល់ច្រឡំមកលើកងកម្លាំងសមត្ថកិច្ច។
ជុំវិញការផ្សព្វផ្សាយនេះ ក្រុមប្រតិកម្មរហ័សនៃមន្ទីរប្រឆាំងគ្រឿងញៀន សូមធ្វើការបំភ្លឺជូន សាធារណជននូវព័ត៌មានបឋមឱ្យជ្រាបថា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០២:៥០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ ធ្វើការបង្ក្រាបករណី កែឆ្នៃសារធាតុញៀនខុសច្បាប់ ប្រព្រឹត្តិនៅភូមិសាស្ត្រ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ (ស្រី០១) និងចាប់យកសារធាតុញៀន និងសារសារធាតុផ្សំប្រមាណជិត ៣០០គីឡូក្រាម រួមទាំងសម្ភារៈវេចខ្ចប់ និងម៉ាស៊ីនសម្រាប់កែច្នៃ សារធាតុញៀនមួយចំនួនធំ។
។បន្ទាប់ពីស្តាប់ចម្លើយជនសង្ស័យ និងឆ្លងតាមការស៊ើបអង្កេត កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានបន្តស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធ និងមេខ្លោង ដោយកំណត់បានមុខសញ្ញាដែលកំពុងលាក់ខ្លួន ក្នុងភូមិសាស្ត្រសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងជំនាញក៏បានចុះច្បាមមុខសញ្ញា និងឃ្លាំមើលក្នុងភូមិសាស្ត្រខាងលើ លុះដល់ម៉ោងប្រមាណ ២រសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ កម្លាំង សមត្ថកិច្ចយើងបានឃើញមុខសញ្ញាពីរនាក់ ហើយមុខសញ្ញាទាំងពីរនាក់ពេលឃើញសមត្ថកិច្ចយើងក៏ ភ័យរត់គេចខ្លួន សមត្ថកិច្ចយើងមានការសង្ស័យក៏ធ្វើការឃាត់ខ្លួន ដោយជាបឋមសន្និដ្ឋានថា មុខសញ្ញា ទាំងពីរនាក់នេះ មានភិនភាគដូចមុខសញ្ញា ដែលកម្លាំងសមត្ថកិច្ចយើងកំពុងតែបន្តការតាមចាប់ខ្លួន។ បន្ទាប់ពីចាប់ខ្លួនរួចហើយ ក៏បញ្ជូនបន្តមកមន្ទីរប្រឆាំងគ្រឿងញៀន ដោយបានស្តាប់ចម្លើយ និងបានធ្វើ តេស្តទឹកនោម ជាលទ្ធផលកម្លាំងយើងរកឃើញថាមុខសញ្ញាទាំងពីរនាក់ មិនពាក់ព័ន្ធនឹងបទល្មើស គ្រឿងញៀនខាងលើនោះទេ ប៉ុន្តែមុខសញ្ញាទាំងពីរនាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ដោយ កម្លាំងសមត្ថកិច្ចយើង បានចាប់យកសារធាតុញៀនមួយកញ្ចប់ទៀតផង។
ក្នុងពេលឃាត់ខ្លួមមុខសញ្ញាទាំងពីរនាក់នោះដែរ ក៏មានប្រជាពលរដ្ឋដែលមិនបានដឹងរឿង ក៏ ថតវីដេអូ និងរូបភាពបង្ហោះដោយចោទប្រកាន់មកលើសមត្ថកិច្ច ដោយបង្កើតឱ្យមានការបញ្ចេញមតិ ធ្វើឱ្យប៉ះពាល់កិត្តិយសរបស់កងកម្លាំងជំនាញ ជាពិសេសធ្វើឱ្យបែកព័ត៌មានសម្ងាត់ ដែលប្រតិបត្តិការ ស៊ើបអង្កេតរបស់សមត្ថកិច្ចយើងមិនទាន់បានបញ្ចប់។ ក្នុងនាមអង្គភាពអនុវត្តន៍ច្បាប់ ស្នើសុំឱ្យម្ចាស់ គណនីឈ្មោះ Pheavy Fc និងសារព័ត៌មានផ្សេងៗដែលមានយកព័ត៌មាននេះទៅផ្សព្វផ្សាយបន្ត សូម ធ្វើការកែតម្រូវនូវការផ្សព្វផ្សាយរបស់ខ្លួនជាបន្ទាន់ បើមិនដូច្នេះទេ មន្ទីរប្រឆាំងគ្រឿងញៀន នឹងចាត់ វិធានការតាមផ្លូវច្បាប់។
ជាចុងក្រោយ មន្ទីរប្រឆាំងគ្រឿងញៀន សូមថ្លែងអំណរគុណ ចំពោះសាធារណជនគ្រប់ មជ្ឈដ្ឋាន ដែលតែងតែសហការគាំទ្រ និងតាមដានយ៉ាងយកចិត្តទុកដាក់រាល់កិច្ចប្រតិបត្តិការរបស់មន្ទីរ ប្រឆាំងគ្រឿងញៀន។ ជាមួយគ្នានេះ មន្ទីរប្រឆាំងគ្រឿងញៀន ក៏សំណូមពរដល់បងប្អូនប្រសិនបើមាន ឆន្ទៈចូលរួមបង្ការ ទប់ស្កាត់ បទល្មើសគ្រឿងញៀន ពុំគួរផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ក្នុងអំឡុង ពេលសមត្ថកិច្ចយើងកំពុងបន្តកិច្ចស៊ើបអង្កេត បង្ក្រាបបទល្មើសជាក់ស្តែង ដែលបណ្តាលឱ្យបែកព័ត៌មាន សម្ងាត់ ហើយមុននឹងផ្សព្វផ្សាយព័ត៌មាន ត្រូវសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន តាមរយៈលេខ ទូរស័ព្ទចំនួន ៥ខ្សែ៖ 670 ប្រព័ន្ធ Cellcard អាចហៅទូរស័ព្ទចូលដោយឥតគិតថ្លៃ, 093 456 888 (Smart), 011 248 888 (Cellcard), 015 222 226 (Smart), 066 661 661 (Metfone)៕SRN