Breaking News

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នើដល់ស្ថានប័ន និងអាជ្ញាធរពាក់ព័ន្ធ រួមសហការគ្នាឆ្លើយតប

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នើដល់ស្ថានប័ន និងអាជ្ញាធរពាក់ព័ន្ធ រួមសហការគ្នាឆ្លើយតបជាក់ស្តែងទៅនឹងស្ថានភាពសន្តិសុខសកលបច្ចុប្បន្នដែលកំពុងតែជួបប្រទះបញ្ហាស្មុគស្មាញ និងពោរពេញទៅដោយភាពមិនប្រាកដប្រជា នៃសភាពការណ៍គ្រឿងញៀន ដើម្បីរួមគ្នាជាធ្លុងមួយដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងគ្រឿងញៀននេះ ក្រោមស្មារតី និងទស្សនវិស័យ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។

លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានលើកឡើងដូចនេះក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។ លោកមានប្រសាសន៍ថា បញ្ហាគ្រឿងញៀន បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ មិនតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជាសត្រូវដ៏កាចសាហាវមួយរបស់បណ្តាប្រទេសទាំងអស់នៅលើសកលលោក ដែលស្របនឹងបញ្ហាអសន្តិសុខសកល កំពុងកើតឡើងផងនោះ ក្រុមឧក្រិដ្ឋជនទុច្ចរិត បានឆ្លៀតឱកាសបង្កើនសកម្មភាព និងឧបាយកលរបស់ខ្លួន ក្នុងការផលិត ចែកចាយ ជួញដូរ និងចរាចរ ជាពិសេសនៅតំបន់ត្រីកោណមាស និងអឌ្ឍច័ន្ទមាស។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាដ៏ស្មុគស្មាញនេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែឈរលើគោលការណ៍ដ៏រឹងមាំមុតស្រួចមួយ ក្នុងការតម្កល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទិសដៅអាទិភាពចម្បងបំផុត និងដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធីសាស្ត្រ គ្រប់បែបយ៉ាង ដើម្បីឆ្លើយតបទាន់ពេលនូវរាល់បញ្ហា និងការពារថែរក្សាសង្គមកម្ពុជាជាសង្គម ស្អាតស្អំ ដែលគ្រឿងញៀនលែងជាឧបសគ្គដល់កិច្ចអភិវឌ្ឍជាតិ។ ជាក់ស្តែង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល វិធានការគន្លឹះទាំង៥ និងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយបានសម្រេចបន្តដាក់ចេញ «ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ដែលនឹងត្រូវប្រកាស ផ្សព្វផ្សាយនារសៀលនេះ សុទ្ធតែជាសក្ខីភាពដ៏ប្រត្យក្សមួយអំពីគោលនយោបាយមុតស្រួច ប្រឆាំងនឹងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល។

បន្ថែមពីលើនេះទៀត ជាមួយចក្ខុវិស័យវែងឆ្ងាយ និងការដោះស្រាយមុតស្រួចចំបញ្ហា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្រដ៏មានស័ក្តិសិទ្ធិភាពមួយ គឺ «គោលការណ៍សម្អាតចកចេញពីផ្ទៃបឹង» ក្នុងការចាត់វិធានការម៉ឺងម៉ាត់ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងឡាយណា ដែលមានការជាប់ពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន ត្រូវបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានលើកលែង ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ភាពស្អាតស្អំ និងភាពគំរូនៃការអនុវត្តច្បាប់។

យោងតាមការបញ្ជាក់ពី នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា កម្ពុជានៅតែបន្តរងការគំរាមកំហែងពីនិន្នាការនៃគ្រឿងញៀនសកល ជាពិសេស ពីតំបន់ត្រីកោណមាស។ លទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបង្ហាញថា បទល្មើសគ្រឿងញៀនពុំមានការថមថយនោះទេ បើធៀបនឹងឆ្នាំ២០២៣។ ជាក់ស្តែងនៅឆ្នាំ២០២៤ ចំនួនករណីគ្រឿងញៀនដែលបង្ក្រាបបានកើន ៣១,៨៤% និងគ្រឿងញៀនចាប់យក កើន៣៩៩% ក្នុងនោះសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១០.៦៣០ករណី កើនឡើង ២.៥៦៧ករណី ស្មើរ ៣១,៨៤% បើប្រៀបធៀបនឹងឆ្នាំ២០២៣។ ឃាត់ខ្លួនជន សង្ស័យចំនួន ២៧.០៧១នាក់ កើន ៣៥,៥៣%, គ្រឿងញៀនចាប់យក ១៤តោន ៩០៩គីឡូក្រាម កើនឡើង ១១តោន ៩២០គីឡូក្រាម ស្មើរ ៣៩៨,៨២% (កើន៤ដង បើធៀបឆ្នាំ២០២៣)។ ដោយឡែកសារធាតុគីមីផ្សំរឹបអូសបានចំនួន ៣៥៤គីឡូក្រាម ថយចុះ ១តោន ១១៥គីឡូក្រាម ថយចុះ ៧៦%បើធៀបនឹងឆ្នាំ២០២៣។

ក្នុងចំណោមគ្រឿងញៀនដែលបានចាប់យកខាងលើនេះ ជាប្រភេទមេតំហ្វេតាមីន កេតាមីន ហេរ៉ូអ៊ីន និងអ៊ិចស្តាស៊ី មានប្រភពពីតំបន់ត្រីកោណមាស កូកាអ៊ីន មានប្រភពពីអាម៉េរិកខាងត្បូង និងអាម៉េរិកកណ្តាល ហើយកេតាមីន និងអ៊ិចស្តាស៊ីមួយចំនួនមានប្រភពពីតំបន់អឺរ៉ុប៕SRN

About srn tv

Check Also

នាយករដ្ឋមន្រ្តី​ថៃ និងស្វាមី ​អញ្ជើញមក ​បំពេញទស្សនកិច្ចផ្លូវការនៅ​កម្ពុជា ដើម្បីពង្រឹចំណងមិត្តភាពជាប្រពៃណីកម្ពុជា-ថៃ

Leave a Reply

Your email address will not be published. Required fields are marked *