ភ្នំពេញ៖ ប្រជាពលរដ្ឋអ្នកជិះម៉ូតូនិងរថយន្ត ហាក់ដូចជាមិនសប្បាយចិត្តនឹងថ្នាំងថ្នាក់ ចំពោះក្រុមមន្ត្រីនគរបាលចរាចរណ៍ ដែលអនុវត្តច្បាប់ចរាចរណ៍នៅលើផ្លូវជាតិលេខ៣ចំណុចម្ដុំវត្តស្លែង ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ និងនៅចំណុចបណ្ដោយផ្លូវ ២០០៤ កែងផ្លូវណតប្រ៊ឹជស្ថិតក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ។ ក្រុមមន្ត្រីទាំងពីរគោលដៅនេះរងការរិះគន់ថា អនុវត្តច្បាប់ហាក់ដូចជាលើសពីអ្វីដែលជាការណែនាំរបស់ក្រសួងមហាផ្ទៃ។
ប្រជាពលរដ្ឋបានផ្ញើវីដេអូ អំពីសកម្មភាពនៃការអនុវត្តច្បាប់របស់ក្រុមមន្ត្រីទាំងពីរគោលដៅនេះ បង្ហាញឲ្យឃើញថា មានការចុះហាមឃាត់រថយន្តដែលកំពុងធ្វើចរាចរណ៍ដែលគ្មានកំហុស។ ក្រុមមន្ត្រីជាច្រើនអ្នកបានចេញស្ទាក់ឃាត់រថយន្តដែលកំពុងធ្វើដំណើរតាមដងផ្លូវដោយទា រកនេះ,នោះ..សព្វបែបយ៉ាង…ដែលប្រកានេះបង្កឲ្យមានការថ្នាំងថ្នាក់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរ។
ទាំងនៅចំណុចផ្លូវ២០០៤ ក៏ដូចជានៅលើផ្លូវជាតិលេខ ៣ ក្រុមមន្ត្រីនគរបាលចរាចរណ៍ ហាក់ដូចជាអនុវត្តលើសទៅនឹងអ្វី ដែលជាការណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី,រដ្ឋមន្ត្រីក្រសួង មហាផ្ទៃដែលបានណែនាំថា ប្រសិនបើរថយន្តឬម៉ូតូដែលកំពុងបើកបរ នៅលើដងផ្លូវគ្មានកំហុសទេនោះគឺមិនអាចឃាត់មកសួរនាំបានឡើយ។ ប៉ុន្តែក្រុមមន្ត្រីនគរបាលទាំងពីរគោលដៅនេះ ត្រូវបានប្រជាពលរដ្ឋកត់សម្គាល់ឃើញថា ចេញប្រតិបត្តិការប្រសេកប្រសាចទាំងហ្វូងឃាត់រថយន្តដែលកំពុងបើកបរដោយ មិនមានកំហុសឬល្មើសច្បាប់ចរាចរណ៍អ្វីឡើយ។
ចំណុចនេះគួរតែមានការកែប្រែ ពីព្រោះគេសង្កេតឃើញថា ការស្ទាក់ឃាត់រថយន្តដែលកំពុងធ្វើដំណើរដោយមិនល្មើសច្បាប់ចរាចរណ៍ ហើយសួរនាំរកឯកសារផ្សេងៗក្រៅតែពីបង្កឲ្យមានការកកស្ទះចរាចរណ៍ នៅលើដងផ្លូវនោះ ក៏ជាមូលហេតុដែលនាំឲ្យមានការ យឺតយ៉ាវពេល វេលានិងនាំឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋអ្នកធ្វើដំណើរនៅលើដងផ្លូវនោះដែរ។ ដូច្នេះសូមស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ពិនិត្យមើលករណីពីរគោលដៅទាំងពីរនេះថាតើសមស្របដែរឬទេ។ ពាក់ព័ន្ធករណីខាងលើនេះអង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងតាមទូរស័ព្ទទៅលោក ខាន់ សរឿន នាយផ្នែកនគរបាលចរាចរណ៍ស្នងការនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ដើម្បីសុំការពន្យល់ប៉ុន្តែគ្រាន់តែអ្នកសារព័ត៌មានលោកឆ្លើយថាលោករវល់ការពារក្បួនរួចក៏ចុចបិតទូរស័ព្ទ។ ចំណែកលោកសំ វិច្ឆិកាអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញលោកប្រាប់ថាលោកជាប់ប្រជុំឲ្យសួរទៅខាងជំនាញ។ ដោយលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យក្រសួងមហាផ្ទៃ អង្គភាពយើងមិនអាចទំនាក់ទំនង់បានទេនៅព្រឹកថ្ងៃដដែលដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល៕SRN