Breaking News

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ យុវជនភាគច្រើនងាយរងផលប៉ះពាល់ពីព័ត៌មានក្លែងក្លាយខ្លាំងបំផុត, ខណៈ​​យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ​បើកជាផ្លូវការនៅថ្ងៃទី១ ខែមេសា ស្អែកនេះ ​

ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ព័ត៌មានក្លែងក្លាយ បានក្លាយជាបញ្ហាប្រឈមមួយនៅលើបណ្ដាញសង្គម ដែលវាបង្ហាញពីសកម្មភាព ញុះញង់ លាបពណ៌មិនល្អដល់សង្គម ក្នុងចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ដូចជាផ្នែកអាជីវកម្ម និង នយោបាយ ជាដើម។ ហើយស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើប ​កាន់តែរីកចម្រើន ទៀតនោះ យុជនគឺជាក្រុមមនុស្ស ដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយទាំងនោះបំផុត។

ការថ្លែងនេះរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ការអនុវត្តយុទ្ធនាការ​ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ដែលបានរៀបចំឡើងនារសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៥ នៅទីស្ដីការក្រសួងព័ត៌មាន។

ក្នុងឱកាសនេះ លោក នេត្រ ភក្ត្រា បានលើកឡើងថា ក្រសួងព័ត៌មាន នឹងអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ដែលចាប់ផ្ដើមបើកជាផ្លូវការនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងផ្លាស់ប្តូរឥរិយាបទ​របស់ប្រជាជន ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ​ទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលេចដែរថា អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិការ គឺជាកម្លាំងចលករដ៏សំខាន់មួយ ក្នុងការបង្ក្រាបព័ត៌មានក្លែងក្លាយ​ផងដែរ៕

About srn tv

Check Also

នាយករដ្ឋមន្រ្តី​ថៃ និងស្វាមី ​អញ្ជើញមក ​បំពេញទស្សនកិច្ចផ្លូវការនៅ​កម្ពុជា ដើម្បីពង្រឹចំណងមិត្តភាពជាប្រពៃណីកម្ពុជា-ថៃ