សៀមរាប៖ ស្រ្តីម្នាក់ដែលគេសង្ស័យថា ជាអ្នកលក់ដូរតាមអនឡាញ បានស្លៀកពាក់ខោអាវហាត់ប្រាណដែលមានលក្ខណៈបញ្ចេញរាងហួសហេតុដើរបង្ហាញម៉ូតនៅក្នុងប្រាសាទអង្គរវត្តនោះ បានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីមហាជន។
តាមរយៈវីដេអូខ្លីដែលមានរយៈពេលប្រមាណ១២វិនាទី ដែលភ្ជាប់ជាមួយខ្លឹមសារថា “My body is temple គោលបំណងចង់ផ្សព្វផ្សាយអង្គរវត្ត 🇰🇭♥️ ខោអាវហាត់ប្រាណ sportFit Daisy Cambodge” ដែលបង្ហោះតាមរយៈទំព័រផេក Facebook មានឈ្មោះ Nina Daily នៅថ្ងៃទី ០៤ខែមេសា ឆ្នាំ ២០២៥ បានបង្ហាញថា សម្លៀកបំពាក់របស់ស្ត្រីខាងលើជាខោអាវហាត់ប្រាណ។ ប៉ុន្តែមហាជនយល់ឃើញថា ការប្រើសម្លៀកបំពាក់បែបនេះមិនសមរម្យទាល់តែសោះនៅក្នុងតំបន់ប្រាសាទបុរាណដែលជាទីសក្ការៈបែបនេះ។ ព្រោះវារឹបចេញរាងស្ទើរតែគ្មានអ្វីលាក់បាំងទៅហើយ។
ចំពោះការស្លៀកពាក់មិនសមរម្យនេះ អាជ្ញាធរជាតិអប្សរា តាមរយៈអ្នកនាំពាក្យ គឺលោក ឡុង កុសល បានប្រាប់អ្នកសារព័ត៌មាន យ៉ាងខ្លីនៅរសៀលថ្ងៃទី០៤ មេសា នេះថា «អាជ្ញាធរកំពុងចាត់វិធានការចំពោះរឿងនេះហើយ!»៕