Breaking News

កម្លាំងសមត្ថកិច្ចជាង​ ២,០០០នាក់​ គ្រោងដាក់ពង្រាយការពារក្នុងពិធីបុណ្យចូលឆ្នាំ​ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប្រមាណជាង​ ២ពាន់នាក់​ នឹងត្រូវដាក់ពង្រាយត្រៀមការពារពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។​ នេះបេីយោងតាមការឱ្យដឹងពី​ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឲ្យដឹងថា គោលដៅសំខាន់ដែលត្រូវផ្ដោតការយកចិត្តទុកដាក់ជាងគេនោះ គឺនៅតំបន់រម្មណីយដ្ឋានវត្តភ្នំ​ ដែលត្រូវរៀបចំព្រឹត្តិការណ៍សង្ក្រាន្ដឆ្នាំ២០២៥ និងតាមបណ្ដាគោលដៅវត្តអារាម នៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ ដែលរៀបចំសង្ក្រាន្ដ ព្រមទាំងភូមិឋានរស់នៅរបស់ប្រជាពលរដ្ឋ​ ផងដែរ។

បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ​ ក្នុងព្រឹត្តិការណ៍នេះ​ នឹងប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដោយអនុវត្តទៅតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។ ក្រៅពីការការពារសុវត្ថិភាព នៅទីតាំងសប្បាយភាពនានា កម្លាំងសមត្ថកិច្ចក៏ផ្ដោតការយកចិត្តទុកដាក់ផងដែរ លើការងារសណ្ដាប់ធ្នាប់ និងចរាចរណ៍ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅតាមតំបន់ប្រមូលផ្ដុំ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា ក្នុងការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ កម្លាំងនគរបាលរាជធានីភ្នំពេញ នឹងបង្កើនការយកចិត្តទុកដាក់ទ្វេរដងជាងបណ្ដាឆ្នាំកន្លងទៅ ដើម្បីធានាឲ្យបានទាំងស្រុងក្នុងពិធីបុណ្យនេះ និងបង្កបរិយាកាសឲ្យប្រជាពលរដ្ឋសប្បាយរីករាយ ប្រកបដោយភាពកក់ក្ដៅជាទីបំផុត៕SRN

About srn tv

Check Also

នាយករដ្ឋមន្រ្តី​ថៃ និងស្វាមី ​អញ្ជើញមក ​បំពេញទស្សនកិច្ចផ្លូវការនៅ​កម្ពុជា ដើម្បីពង្រឹចំណងមិត្តភាពជាប្រពៃណីកម្ពុជា-ថៃ