Breaking News

លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈកម្មការ អនុគណៈកម្មការ ដើម្បីកៀរគរកជំនួយគាំទ្រដល់ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចប្រជុំគណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃ កាកបាទក្រហមកម្ពុជា ក្រោមមូលបទ ‘’រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ’’ ក្រោមអធិបតីលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា ។

ក្នុងកិច្ចប្រជុំនោញ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអានសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពគណ:កម្មាការ និងអនុគណ:កម្មាការ។ ជាមួយគ្នានេះដែរលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ក៏បានជម្រាបជូនអំពីការងារដែលអនុវត្តន៍កន្លងមករបស់អនុគណ:កម្មាការខ្លឹមសារ បើទោះបីជាកិច្ចប្រជុំនេះជាលើកដំបូង ក៏ប៉ុន្តែអនុគណ:កម្មាការខ្លឹមសារ បានអនុវត្តការងាររបស់ខ្លួនមួយជំហានមុនរយៈពេល ១ខែមកហើយ ក្នុងនោះដោយចាប់ផ្តើមពីការធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើការផ្សព្វផ្សាយ អំពីគោលការណ៍សម្រាប់ការចុះផលិតព័ត៌មាន ក៏ដូចជាសមិទ្ធផលមួយឆ្នាំរបស់កាកបាទក្រហម រួមទាំងការចងក្រងជា បទយកការណ៍ និងឯកសារផ្សេងៗ ដើម្បីរួមចំណែកផ្សព្វផ្សាយអត្ថន័យទិវា ៨ឧសភា ក្នុងនោះ កាកបាទក្រហម ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីគៀរគររកមូលនិធិពីសប្បុរសជននានា ដើម្បីតម្កល់ទុកប្រើប្រាស់ក្នុងបុព្វហេតុមនុស្សធម៌ សម្រាប់ឆ្នាំបន្ត។

តាមរយៈកិច្ចប្រជុំនោះដែរ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញឹក បានជម្រាបជូនអំពីរបៀបនៃការគៀរគរប្រភពមូលនិធិពីបណ្តាលសប្បុរសជននានា ទាំងក្នុងវិស័យរដ្ឋ និងឯកជន បើទោះជាការគៀរគរនេះមានរយៈពេលខ្លីមែន បើប្រៀបធៀបទៅឆ្នាំមុន តែសង្ឃឹមថា សប្បុរសជន នៅតែបន្តចូលរួមចំណែក ចែករំលែកក្តីស្រលាញ់ជាមួយកក្រក ក្នុងបុព្វហេតុមនុស្សធម៌។
មានប្រសាសន៍ក្នុងកិច្ចប្រជុំដ៏មានអត្ថន័យនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានកោតសសេីរចំពោះគណ:កម្មាការ និងអនុគណ:កម្មាការទាំងពីរ ចំពោះការខិតខំប្រឹងប្រែងជម្រុញការផ្សព្វផ្សាយ ទាំងផ្នែកខ្លឹមសារ និងទាំងផ្នែកមូលនិធិ ក្នុងរយៈពេលកន្លងមក។

តែទោះជាយ៉ាងនេះ ក្តី លោកជំទាវបណ្ឌិត បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីបង្កើនការគៀរគររកមូលនិធិ ក្នុងនោះក្រៅពីការផ្សព្វផ្សាយព័ត៌មាន លើបណ្តាញទូរទស្សន៍ ទាំងរដ្ឋឯកជន និងប្រព័ន្ធផ្សព្វផ្សាយសង្គម គួរតែទំនាក់ទំនងជាមួយអ្នកបង្កើតមាតិការដែលមានប្រជាប្រិយភាពក្នុងសង្គម ដើម្បីឲ្យជួយផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ទិវា ៨ ឧសភា ឲ្យកាន់តែមានភាពផុលផុស សំដៅជម្រុញឲ្យសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ចូលរួមបរិច្ចាគវិភាគទានដោយការស្ម័គ្រចិត្តជូនកាកបាទក្រហម ដើម្បីសមាគមជាតិមួយនេះមាននិន្តរ៍ភាពក្នុងការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតទូទាំងប្រទេស ។

ក្នុងកិច្ចប្រជុំនេះដែរ ឆ្លើយតបទៅនិងសំណើររបស់លោក ឃួង ស្រេង ដែលចង់បង្កើតព្រឹត្តិការប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ ដើម្បីគៀរគររកមូលនិធិសម្រាប់ទ្រទ្រង់កាកបាទក្រហមកម្ពុជា ក្នុងឱកាស ៨ឧសភា និងខួប៧០ឆ្នាំ កាកបាទកក្រហម លោកជំទាវបណ្ឌិត បានយល់ស្រប ប៉ុន្តែលើពេលវេលាសមស្របណាមួយ ។
ក្នុងនាមភរិយានាយករដ្ឋមន្ត្រី លោកជំទាវបណ្ឌិត បានសន្យាថា នឹងងខិតខំអំពាវនាវទៅដល់ភរិយាថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកជាវិភាគទានដល់បុព្វហេតុមនុស្សធម៌ជាមួយ កក្រក ។

សូមបញ្ជាក់ថា ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ដែលប្រារព្វឡើងស្របពេលខួបទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា នឹងប្រព្រឹត្តិក្រោមមូលបទ រួមគ្នាស័្មគ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ៕

About srn tv

Check Also

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ Reva Price ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធ