Breaking News

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

កណ្តាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានអញ្ជើញជាអធិបតីក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៥) នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៥នេះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា “ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៨០ នៃថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា នាពេល នេះប្រព្រឹត្តទៅស្របពេលដែលកម្លាំងជាតិទាំងមូល កំពុងសស្រាក់សស្រាំជំរុញការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជារបៀបវារៈនយោបាយដ៏មាន សារៈសំខាន់សម្រាប់ការរៀបចំ ដឹកនាំ និងការអភិវឌ្ឍប្រទេស ប្រកបដោយទស្សនវិស័យវែងឆ្ងាយ សំដៅនាំមក នូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងគ្រប់គ្រងស្ថានការណ៍ រក្សាបានស្ថានភាព នឹងនរ ល្អប្រសើរ ទាំងសន្តិសុខជាតិ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម”។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាបានបន្តថា “តាមការស្រាវជ្រាវរបស់គណៈកម្មការស្រាវជ្រាវ ចងក្រង ប្រវត្តិកងកម្លាំងនគរបាលជាតិ បាន រកឃើញនូវឯកសារជាលាយលក្ខណ៍អក្សរ ដែលចំណាស់ជាងគេស្តីពីវិស័យនគរបាល មានចាប់ពី ឆ្នាំ១៨៨៤ តម្កល់ទុកក្នុងបណ្ណសារដ្ឋានជាតិ រាជធានីភ្នំពេញ សព្វថ្ងៃនេះ ជាមូលដ្ឋានច្បាស់លាស់ អាចធ្វើការចងក្រងអំពីប្រវត្តិសកម្មភាព និងសមិទ្ធផល នៃកងកម្លាំងនគរបាលកម្ពុជា។

យោងតាម ឯកសារទាំងនោះ បានបញ្ជាក់ថា ជនរួមជាតិខ្មែរយើងជាច្រើននាក់ បានរួមចំណែកក្នុងការពង្រឹង សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម រួមជាមួយបារាំង ក្នុងវិស័យនគរបាល អស់រយៈពេល ៦១ឆ្នាំ (១៨៨៤-១៩៤៥) មុនពេលបង្កើតកងកម្លាំងនគរបាលជាតិ ជាផ្លូវការ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ ១៩៤៥។

បើគិតចាត់តាំងពីថ្ងៃចាប់បដិសន្ធិឡើង កងម្លាំងនគរបាលជាតិកម្ពុជា មានអាយុកាល ៨០ឆ្នាំ ហើយ គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ។ ដោយសារកម្ពុជា ធ្លាប់បានហែលឆ្លងកាត់ទាំង ដំណាក់កាលសុខសន្តិភាព និងធ្លាប់ជាប់ឈ្មោះជាដែនដីដែលពោរពេញទៅដោយ ជម្លោះនិងសង្គ្រាបែកបាក់ផងនោះ ៨០ឆ្នាំកន្លងទៅនេះ កងកម្លាំងនគរបាលជាតិ ក៏ត្រូវបានផ្លាស់ប្តូរ ឈ្មោះជាបន្តបន្ទាប់ ទៅតាមការផ្លាស់ប្តូរនៃរបត់នយោបាយ។

តែយ៉ាងណាក៏ដោយ ក៏កងកម្លាំងនគរបាលជាតិ នៅតែស្តាយជាប់នឹងស្មា នូវតួនាទីនិងភារកិច្ចក្នុងនាមជាកម្លាំងអនុវត្តច្បាប់ ក្នុងន័យ ថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខក្សេមក្សាន្តជូនពលរដ្ឋជាប់ជានិច្ច”។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងបញ្ជាក់ថា “ក្នុងនាមនគរបាលជាតិកម្ពុជា យើងខ្ញុំសូមប្តេជ្ញាចិត្តចូលរួមថែរក្សា និងការពារឱ្យបាននូវសុខ សន្តិភាព ដែលកើតចេញពីនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកម្ពុជា បន្តមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ”៕

About srn tv

Check Also

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ បណ្តឹងទៅកាន់តុលាការ ICJ បោះជំហានទៅមុខឥតប្រែប្រួល ក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ