សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចប្រសិទ្ធនាម ស្ពានលេខ២៨ នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាថា “ស្ពានតេជោសន្តិភាពឫស្សីជ្រុំ”។
សូមជម្រាបជូនថា ស្ពានលេខ២៨ បានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥មក។ ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្វ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ក្រោមម្លប់ នៃសុខសន្តិភាព។ ស្ពាននេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។