Breaking News

កាកបាទក្រហមកម្ពុជា រួមចំណែកជាមួយរដ្ឋាភិបាលក្នុង​ការ​ជួយលើកកម្ពស់សុខភាព តាមរយៈសកម្មភាពនៃ​ការបរិច្ចាគឈាម

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃកាកបាទក្រហមកម្ពុជា បានលើកឡើងថា សកម្មភាពបរិច្ចាគឈាម​ ​ជាចំណែកមួយ​របស់កាកបាទក្រហមកម្ពុជា ​ជាមួយរាជរដ្ឋាភិបាល ​ក្នុងការ​កាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា ទារក និងកុ​មា​រ, ការពារ និងលុបបំបាត់ជំងឺឆ្លង មិនឆ្លង, អន្ដរាគមន៍សុខភាពគ្រាអាសន្ន, សុខភាពមនុស្សចាស់ ការសង្រ្គោះបឋម និងលើកកម្ពស់សុខភាពបឋម។

នេះជាការថ្លែង​ឡើង​របស់​លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២៣ នា​ពិធីបរិច្ចាគឈាម របស់សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ឆ្នាំ២០​២៣ ក្រោមប្រធានបទ «ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា» ក្រោមអធិបតីភាពឯកឧត្តម ឈាង រ៉ា រដ្ឋមន្ដ្រី ក្រសួងសុខា​ភិបាល រួមនឹង​មន្រ្តី​ និង​យុវជន សិស្សានុសិស្សជាច្រើនរយនាក់។

តាមរយៈកាកបាទក្រហមកម្ពុជា លោកជំទាវបាន​ថ្លែង​ថា ៖ «សកម្មភាពបរិច្ចាគឈាមនេះ ក៏ជាចំណែកមួយនៃការ អនុវត្តតាមយុទ្ធសាស្ដ្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមានវិស័យអាទិភាព ចំនួន ៤ ក្នុងនោះវិស័យអាទិភាពទី២ គឺសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍»។

លោកជំទាវ ពុំ ចន្ទីនី បាន​បន្តថា ៖ «​​គោលដៅកាកបាទក្រហមកម្ពុជា គឺរួមចំណែកជាមួយរាជរដ្ឋាភិបាល កា​ត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា ទារក និងកុមារ, ការពារ និងលុបបំបាត់ជំងឺឆ្លង មិនឆ្លង, អន្ដរាគមន៍សុខភាពគ្រាអាសន្ន, សុខភាពមនុស្សចាស់ សង្គ្រោះបឋម និងលើកកម្ពស់សុខភាពបឋម»​។​

​ក្នុងឱកាសនេះដែរ​ លោកជំទាវ​ក៏​បានលើកទឹកចិត្ត និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង​ជាប់ជាប្រចាំរបស់គណៈគ្រប់គ្រង បុគ្គលិក សាស្ដ្រាចារ្យ យុវជនកាកបាទក្រហមកម្ពុជា យុវជន​សហភាពសហព័ន្ធយុវជ​នកម្ពុជា និងនិស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ដែលបាន​បណ្ដុះបណ្ដាលនូវផ្នត់គំនិត ឆន្ទៈ និងមនសិកាក្នុងការចែករំលែក ក្ដីស្រឡាញ់ ចែករំលែក​អាយុជីវិតតាមរយៈការបរិច្ចាគឈាមដើម្បីស​ង្រ្គោះជីវិតមនុស្សជាច្រើននាក់។​

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ឈាង រ៉ា ​ដែល​បានចូលរួមក្នុង​ពិធីនោះ ក៏​បាន​ថ្លែងកោតសសើរ​ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់និស្សិត សាស្រ្តាចារ្យ និងអ្នកស្ម័គ្រចិត្ត​បរិច្ចាគឈាមទាំងអ​ស់ផងដែរ ដែ​ល​ទង្វើនេះ​បង្ហាញ​ពី​ឆន្ទៈ សាមគ្គីភាព និងជា​វប្បធម៌ចែករំលែក​របស់ខ្មែរយើងដែល​មានតាំងពីដើមមក​។

យោងតាមក្រសួង​សុខាភិបាល ​ ការប្រារព្ធពិធីនេះជាលើកទី១៧ គិតចាប់ពីឆ្នាំ២០០៩ ដែលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានរៀបចំឡើងក្នុងគោលបំណងបំផុសចលនាស្ម័គ្រចិត្ត ផ្តល់អំណោយឈាមប្រកបដោយទឹកចិត្តមនុស្សធម៌ និងមិនគិតកម្រៃ ដើម្បីចូលរួមចំណែកបំពេញតម្រូវការឈាមជួយដល់ជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់នៅតាមមន្ទីរពេទ្យនានានៅ​កម្ពុជា។​

​គិតចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២២ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរៀបចំពិធីបរិច្ចាគឈាមដោយមានអ្នកបរិច្ចាគឈាមសរុបចំនួន ៤ ១០៣នាក់ ក្នុងនោះស្រ្តីមានចំនួន ២ ០៣៨នាក់៕

Check Also

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការ និងជាប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ និងពិធីសំណេះសំណាលជាមួយក្រុមជំនួយការផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល

Leave a Reply

Your email address will not be published. Required fields are marked *