សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជននិទ្ទេស A ចំនួន១៦៩១ នាក់ (គិតទាំងបេក្ខជនអប់រំ បច្ចេកទេស ១៨ នាក់) នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។
នៅក្នុងពិធីនេះមានការចូលរួមដោយឪពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូបន្ទុកថ្នាក់ នាយកសាលា។
ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងកាលពីដើមខែវិច្ឆិកា ២០២៣ ចប់សព្វគ្រប់ដោយជោគជ័យ។ ក្នុងការប្រឡងលើកមានបេក្ខជនបានចុះឈ្មោះប្រឡងចំនួន ១សែន៣ម៉ឺន៧ពាន់៤១២ នាក់ ស្រី ៥៣,៣២ ភាគរយ។បេក្ខជនបានមកប្រឡងចំនួន ១សែន៣ម៉ឺន៥ពាន់៧២ នាក់ ស្រី ៥៣,៥៦ ភាគរយ និងបេក្ខជនបានប្រឡងជាប់សរុប ៩ម៉ឺន៨ពាន់៤៦០ នាក់ ស្មើនឹង ៧២,៨៩% នៃចំនួនបេក្ខជនបានមកប្រឡងសរុប។
ក្រសួងអប់រំបានរៀបចំ ការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ សម័យ ប្រឡង កាលពី២០ តុលា ២០២៣ សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស មានបេក្ខជនចុះឈ្មោះប្រឡង សរុប ៨៨៨ នាក់ ស្រី ៣៤៤ នាក់, បេក្ខជនមកប្រឡងសរុប ៨៨៦ នាក់ ស្រី ៣៤៤ នាក់, និង បេក្ខជន បានប្រឡងជាប់ជាស្ថាពរសរុប ៨៧៩ នាក់ គិតជាភាគរយស្មើនឹង ៩៩,២១% នៃចំនួនបេក្ខជនមក ប្រឡងសរុប។ ក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A សរុបចំនួន១៨ នាក់ ស្រី ១៤ នាក់។
សំរាប់ថ្នាក់បាក់ឌុប បេក្ខជនទទួលបាននិទ្ទេស A ចំនួន ១៦៧៣ នាក់ ស្រី៩៤៧ នាក់ និទ្ទេស B ចំនួន ៦៩៦៤ នាក់ និទ្ទេស C ចំនួន ១៨ ៣០៨ នាក់ និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់ និទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕