ខេត្តកណ្ដាល៖ រដ្ឋបាលឃុំទួលព្រេជ បានបញ្ជាក់នៅក្នុងផេកបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា «ព្រះបដិមា១អង្គដែលកសិករជីកដីចម្ការប្រទះឃើញ កាលពីវេលាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅក្នុងភូមិព្រៃទទឹង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាលនោះ គឺកសាងអំពីថ្មភក់នៃសម័យកាលភ្នំដា»។ ដោយឡែកផេកមួយទៀតឈ្មោះ «បុរាណាចារ្យ» ក៏បានអះអាងផងដែរថា «រូបសំណាកនោះ គឺសាងឡើងតាំងពីសម័យមុនអង្គរ ដែលមានអាយុកាលយ៉ាងតិចក៏នៅក្នុងសតវត្សរ៍ទី៧ដែរ»។
ទោះបីជាបែបណា ខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល នៅពុំទាន់បញ្ជាក់អំពីលក្ខណៈសម្បត្តិ ក៏ដូចជារចនាបទសម័យកាលរបស់ព្រះបដិមាករនេះនៅឡើយទេ ដោយរង់ចាំការសិក្សាបន្តទៀតសិន។
កាលពីវេលាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ គណៈកម្មកសរចម្រុះដឹកនាំដោយលោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល និងលោក ជួប រដ្ឋា អភិបាលរងនៃគណៈអភិបាលស្រុកអង្គស្នួល តំណាង លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល។ដោយមានការនិមន្ត និងអញ្ជើញចូលរួមដោយព្រះសង្ឃ លោក លោកស្រី អនុប្រធានមន្ទីរខេត្តកណ្តាល ប្រធាន អនុប្រធានការិយាល័យបេតិកភណ្ឌ និងការិយាល័យសារៈមន្ទីរខេត្តខេត្តកណ្តាល ។
មន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកអង្គស្នួល មន្ត្រីក្រុមប្រឹក្សាឃុំទួលព្រេជ នគរបាលរដ្ឋបាលប៉ុស្ដិ៍ និងប្រជាពលរដ្ឋសរុបជាង១០០អង្គនិងអ្នក បានធ្វើពិធីប្រគល់និងទទួលរូបសំណាកព្រះបដិមាករដែលជាវត្ថុបុរាណនេះ យកទៅរក្សាទុកនៅឃ្លាំងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកណ្ដាល ដើម្បីសុវត្ថិភាព និងទុកជាសម្បត្តិបេតិកភណ្ឌជាតិ ហើយក៏បានយកទៅដល់ឃ្លាំងមន្ទីរប្រកបដោយសុវត្ថិភាពនៅវេលាល្ងាចថ្ងៃដដែលនោះ។
សូមរម្លឹកផងដែរថា កាលពីវេលាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង នៅក្នុងភូមិព្រៃទទឹង ឃុំទួលព្រេជ ស្រុកអង្គ្នួល ខេត្តកណ្ដាល ខណៈពេលដែលយុវជនជាកសិករម្នាក់ជីកពង្រាបដីចម្ការ ហើយក៏ប្រទះឃើញព្រះបដិមាករ១ព្រះអង្គនោះកប់នៅក្នុងដីចម្ការរបស់ខ្លួន។
បើតាមនគរបាលប៉ុស្តិ៍ទួលព្រេជ បានប្រាប់ឲ្យដឹងថា យុវជនរូបនោះមានឈ្មោះ វាសនា បញ្ញា ហៅ ណយ អាយុ១៩ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិខាងលើ ដោយឡែករូបព្រះបដិមា១អង្គនេះ មានកម្ពស់ប្រមាណ១ម៉ែត្រ ដោយបានដាច់បាត់ព្រះកេស និងប្រអប់ដៃទាំង២ ដោយពុំដឹងថា តើត្រូវគេកាត់យក ឬក៏ដាច់បាត់ដោយប្រការណាមួយនោះទេ?។ បន្ទាប់ពីប្រទះឃើញ យុវជនរូបនេះ រួមជាមួយអ្នកភូមិបានគាស់យករូបសំណាកខាងលើទៅរក្សាទុកនៅក្នុងផ្ទះរបស់ខ្លួន និងបានរាយការណ៍ជូនអាជ្ញាធរឃុំទួលព្រេជ ឲ្យចុះទៅពិនិត្យមើល និងរាយការណ៍ជូនមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកណ្ដាល ឲ្យចុះទៅទទួលយករក្សាទុក។
ទន្ទឹមនឹងនោះដែរ នៅមុនពេលប្រគល់ជូនទៅឲ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកណ្ដាល នាំយកទៅរក្សាទុកនោះ ប្រជាពលរដ្ឋនៅក្នុងភូមិ រួមទាំងអ្នកនៅទីជិតឆ្ងាយនានាមួយចំនួនបាននាំគ្នាទៅអុជធូបសុំលាភសំណាង សុំសេចក្ដីសុខ និងយកទឹកទៅចាក់ស្រោចលើព្រះកាយព្រះបដិមាករអង្គនោះ រួចត្រងទឹកទុកផឹក និងស្រោចក្បាល លប់មុខ ដើម្បីសិរីសួរស្ដីផ្ទាល់ខ្លួន និងក្រុមគ្រួសាររៀងៗខ្លួនជាហូរហែផងដែរ។
គួររំលឹកថា កាយពង្រាបដីចម្ការ បែរប្រទះឃើញរូបសំណាក១អង្គអត់ព្រះកេសនិងប្រអប់ដៃ ៕