ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានជំរុញឱ្យកម្លាំងនគរបាលត្រូវតែបន្ដពង្រឹងឲ្យកាន់តែល្អប្រសើរបន្ថែមទៀតចំពោះបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ព្រមទាំងល្បែងអនឡាញផងដែរ ព្រោះបទល្មើសទាំងអស់នេះក៏ជះឥទ្ធិពលមិនល្អដល់កេរ្ដិ៍ឈ្មោះកម្ពុជា ផងដែរ។
នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដូចនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ លោកបានសង្កត់ធ្ងន់ថា កងកម្លាំងនគរបាល មិនត្រូវពាក់ព័ន្ធជាមួយបទល្មើសទាំងនេះឡើយ ពោលគឺ ក្នុងនាមជាអ្នកអនុវត្តច្បាប់ ត្រូវតែធ្វើជាគំរូដល់ពលរដ្ឋ និងត្រូវតែស្អាតស្អំ។
នាយឧត្តមសេនីយ៍ ស ថេត ក៏បានកត់សម្គាល់នូវសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ជូនដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ពិសេសបានគូសបញ្ជាក់អំពីកិច្ចការសំខាន់ៗ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្ដរជាតិ និងបុណ្យជាតិធំៗ នាពេលកន្លងមកដោយទទួលបានជោគជ័យទាំងស្រុង ១០០ភាគរយ។ ក្នុងន័យនេះ នាយឧត្តមសេនីយ៍ បានលើកឡើងថា ភ្នំពេញជាចំណុចកណ្ដាលដ៏សំខាន់របស់កម្ពុជា ដូច្នេះការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត មិនអាចធ្វេសប្រហែសបានឡើយ ពោលគឺ នៅពេលមានបទល្មើសកើតឡើង ត្រូវបើកការស្រាវជ្រាវបន្ទាន់ភ្លាមៗ ដើម្បីចាត់វិធានការតាមច្បាប់ និងឈានដល់ការបង្ក្រាបឲ្យខាងតែបាន។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្តេជ្ញាចិត្តថា ក្នុងឆ្នាំ២០២៥ លោកនឹងអនុវត្តឲ្យបានសម្រេចនូវទិសដៅការងារ ដោយត្រូវបង្កើនកិច្ចសហការជាមួយគ្រប់អង្គភាពពាក់ព័ន្ធ ក្ដាប់សភាពការណ៍សន្តិសុខ ទប់ស្កាត់អំពើភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងការបង្កចលាចលសង្គមផ្សេងៗ បង្កើនការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» សំដៅចូលរួមចំណែកកាត់ បន្ថយបទល្មើសគ្រប់ប្រភេទឱ្យកាន់តែមានការថយចុះ ជាពិសេសទប់ស្កាត់ឲ្យបានជាដាច់ខាតនូវ បញ្ហាក្មេងទំនើង ដែលជាក្តីព្រួយបារម្ភរបស់ប្រមុខរាជរដ្ឋាភិបាល បង្កើនពង្រឹងសមត្ថភាពជំនាញមន្ត្រីអនុវត្តច្បាប់ ពិសេសមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក និងមន្ដ្រីជាប់កិច្ចសន្យាអនុវត្តតាមទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យទទួលបានជោគជ័យ៕