Breaking News

លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ទៅចូលរួមវេទិកា BEIJING XAINGSHAIN លើកទី១០ និងទស្សនកិច្ចផ្លូវការជាលើកដំបូងនៅប្រទេសចិន

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិ កម្ពុជា ទៅចូលរួមវេទិកា BEIJING XAINGSHAIN លើកទី១០ និងទស្សនកិច្ចផ្លូវការជាលើកដំបូង នៅសាធារណរដ្ឋប្រជាមានិតចិន។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា ក្នុងក្របខ័ណ្ឌនៃទស្សនកិច្ចផ្លូវការ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ នឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រសួងការពារជាតិចិន ក្នុងន័យដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិដ៏ល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ស្របតាមដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាពិសេសតាមរយៈការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ របស់រដ្ឋាភិបាលទាំងពីរ។

ក្នុងឱកាសដំណើរទស្សនកិច្ចនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងអញ្ជើញចូលរួមវេទិកាប៉េកាំង សៀងសាន លើកទី១០ ក្រោមមូលបទ «សន្តិសុខរួម សន្តិភាពយូរអង្វែង»។ ក្នុងវេទិកាប៉េកាំងសៀងសាន លោកនឹងថ្លែងសុន្ទរកថាគន្លឹះ ក្នុងសម័យប្រជុំពេញអង្គលើកទី១ លើប្រធានបទ «ទំនួលខុសត្រូវនៃប្រទេសធំៗ និងកិច្ចសហប្រតិបត្តិការសន្តិសុខសកល» នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

លោលឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏នឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិវៀតណាម ឡាវ សិង្ហបុរី និងឥស្សរជនបរទេសមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងកម្ពុជា ជាមួយបណ្តាប្រទេសនានា។

ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងបញ្ជាក់ជាថ្មីនូវចំណងមិត្តភាពដែកថែបដ៏រឹងមាំ និងគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រសួងការពារជាតិកម្ពុជា នឹងកងយោធពលខេមរភូមិន្ទ ក្នុងការសហការជាមួយភាគីចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ កាន់តែស៊ីជម្រៅសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសទាំងពីរ ក៏ដូចជា សម្រាប់តំបន់ទាំងមូល៕

Check Also

ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

Leave a Reply

Your email address will not be published. Required fields are marked *