ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា «ក្រសួងបាន និងកំពុងអនុវត្តសកម្មភាពការងារសំខាន់ៗមួយចំនួនដូចជា ៖ដាក់ពង្រាយសាកល្បង នូវនិស្សិតកសិកម្មស្ម័គ្រចិត្តចំនួន២០០នាក់ នៅតាមបណ្តាខេត្តចំនួន១៤ នៅទូទាំងប្រទេស ។ ជំរុញអនុវត្តគំនិតផ្តួចផ្តើម ប៉ូលសេដ្ឋកិច្ចទី៤ នៅភាគពាយ័ព្យក្នុងខេត្តចំនួន៤ គឺ៖ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ,ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដោយផ្សារភ្ជាប់ជាមួយនឹងការបង្កើត ច្រកមច្ឆា និងអង្ករ ដែល ជាផ្នែកមួយដ៏សំខាន់នៃ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ រវាងប្រទេសកម្ពុជា និងចិន »។ នេះបើយោងតាមការថ្លែងរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ឯកឧត្តម ថ្លែងថា «ក្រសួងក៏បានជំរុញអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដើម្បីប្រែក្លាយកម្ពុជា ឱ្យទៅជា អធិរាជចន្ទី នាពេលអនាគត ជំរុញផលិតកម្មពូជស្រូវសុទ្ធដែលមានភាពសុទ្ធល្អ មានទីផ្សារ និងមានតម្លៃខ្ពស់ ដើម្បីផ្គត់ផ្គង់ដល់កសិករ និងគាំទ្រ ដល់គោលនយោបាយជំរុញការនាំចេញអង្ករប្រណិតរបស់កម្ពុជា បង្កើនល្បឿនរៀបចំសេចក្តីព្រាងច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា។ល។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា «កត្តាបម្រែបម្រួលអាកាសធាតុដែលបង្កឱ្យមានគ្រោះធម្មជាតិជាញឹកញាប់ និងសត្វចង្រៃផ្សេងៗ ទាមទារឱ្យមាន ការគិតគូរដល់ការដោះស្រាយបញ្ហាបច្ចេកទេសកសិកម្មស្មុគ្រស្មាញ និងសមត្ថភាពជំនាញកាន់តែខ្ពស់នៅមូលដ្ឋានផងដែរ ដែលជាកត្តាចាំបាច់ក្នុងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មតាមឃុំ។ ចំណុចសំខាន់មួយទៀត គឺការទ្រទ្រង់ផលិតកម្ម តាមរយៈសហគមន៍កសិកម្មទំនើប ដែលមានគោលដៅធានាប្រសិទ្ធភាពសេដ្ឋកិច្ច និងកាត់បន្ថយចំណាយ។ ការកាត់បន្ថយ ចំណាយអាចធ្វើទៅបានក្នុងរូបភាពជាច្រើន ប៉ុន្តែមានតែការចូលរួមគ្នាក្នុងទ្រង់ទ្រាយធំទេទើបបង្កើតបានជាមានកម្លាំងរឹងមាំ ខ្លាំងក្លាដើម្បីទប់ទល់នឹងស្ថានភាពប្រែប្រួលផ្សេងៗបាន»៕