Breaking News

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា រំលឹកមន្ដ្រីពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ មិនត្រូវប្រព្រឹត្តសកម្មភាព រំលោភសិទ្ធិជនជាប់ឃុំ

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានក្រើនរំលឹក ដល់មន្ត្រីក្នុងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំងអស់ ត្រូវគោរពតាមវិន័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ត្រូវជៀសវាងដាច់ខាតនូវការប្រព្រឹត្ត ឬធ្វើសកម្មភាពណាមួយ នាំទៅដល់ការរំលោភសិទ្ធិជនជាប់ឃុំ។

ការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី នាឱកាសអញ្ជើញ ជួបសំណេះសំណាល សួរសុខទុក្ខ និងការពិនិត្យស្ថានភាព សិទ្ធិមនុស្ស ក្នុងមណ្ឌលអប់រំកែប្រែទី២ (ម២) នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ រួមជាមួយ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌។

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងសាទរចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន ចំពោះក្នុងការលើកកម្ពស់ ការរស់នៅ ក៏ដូចជាសិទ្ធិសេរីភាពរបស់ជនជាប់ឃុំ។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការចុះមកផ្ទាល់នៅ ម២ ជាមួយថ្នាក់ ដឹកនាំក្រសួងទាំងពីរ គឺក្នុងគោលបំណង សំខាន់មួយទៀត គឺដើម្បីនាំ យកសេវាយុត្តិធម៌ និងសេវាសុខាភិបាល មកកាន់មណ្ឌលផ្ទាល់តែម្តង ដែលស្របនឹងគោល នយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ «មិនទុកនរណាម្នាក់ចោលឡើយ» ពោល ទាំងអ្នកនៅក្រៅ និងអ្នករស់នៅក្នុងទីកន្លែងឃុំឃាំង ត្រូវមានសិទ្ធិដូចគ្នា ក្នុងការទទួលបានសេវាសង្គមផ្សេងៗ។

ជាចុងក្រោយ លោកទេសរដ្ឋមន្ត្រី បានរំឭកដល់មន្ត្រីនៅក្នុងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំងអស់ ត្រូវគោរពតាមវិន័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗនៅក្នុងការបំពេញការងាររបស់ខ្លួន ដោយ ត្រូវជៀសវាងដាច់ខាតនូវការប្រព្រឹត្ត ឬធ្វើសកម្មភាពណាមួយ ដែលនាំទៅដល់ការរំលោភសិទ្ធិជនជាប់ឃុំ។ រីឯជនជាប់ឃុំវិញ ត្រូវចេះភ្ញាក់រឭក និងកែប្រែខ្លួនឱ្យល្អប្រសើរឡើងវិញ ដើម្បីធ្វើសមាហរណកម្មទៅក្នុងសង្គម និងក្លាយជាពលរដ្ឋល្អដែលជាផ្នែកមួយនៃការកសាងនិងអភិវឌ្ឍន៍ជាតិ។

គ.ស.ម.ក ក៏វាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្ស នៅក្នុងពន្ធនាគារ មានលក្ខណៈល្អប្រសើរ ដោយជន ជាប់ឃុំទទួលបាន របបអាហារ តាមការកំណត់របស់ច្បាប់ ស្តីពីពន្ធនាគារ ទទួលបានការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ក្នុងពេលជាប់ឃុំ មានម៉ោងសម្រាប់ហាត់ប្រាណ ទទួលបាននូវការថែទាំជំងឺ មានបណ្ណាល័យ សម្រាប់អានសៀវភៅ មានកន្លែងសម្រាប់ធ្វើពិធីសាសនាផ្សេងៗ និងមានសួនកម្សាន្ត សម្រាប់កូនតាមម្តាយ ថែមទៀតផង៕

Check Also

រាជរដ្ឋាភិបាល ចេញសារាចរ ស្តីពីការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»

Leave a Reply

Your email address will not be published. Required fields are marked *