ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស ក្នុងពេលវេលាសមស្របណាមួយនាពេលខាងមុខនេះ ដើម្បីពង្រឹងបន្ថែមទៀតនូវគុណភាពបំពេញតួនាទី និងភារកិច្ចរបស់ស្មៀនឃុំ សង្កាត់។ នេះបើតាមលោកទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យរងដដែលបានឱ្យដឹងថាបច្ចុប្បន្ន កម្ពុជាមានឃុំ សង្កាត់ សរុបចំនួន១.៦៥២។ កម្ពុជាចាប់ផ្ដើមមានក្រុមប្រឹក្សាឃុំ សង្កាត់ បំពេញការងារជាប្រវត្តិសាស្រ្ត ចាប់ពីឆ្នាំ២០០២ ពោលគឺបន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី១។ ស្មៀនឃុំ សង្កាត់ ត្រូវបានតែងតាំងឱ្យទៅបំពេញការងារមុនក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិដំបូង ចូលបំពេញការងារមកម្ល៉េះ។ ខណៈស្មៀនជាតួអង្គសំខាន់មួយនៅគ្រប់ឃុំ សង្កាត់ ទើបបានជានៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ប្រមុខក្រសួងមហាផ្ទៃបានបន្តបង្កើនការយកចិត្តទុកដាក់លើការបំពេញការងាររបស់ស្មៀន តួយ៉ាងមានសន្និបាតខាងមុខជាទឡ្ហីករណ៍។
ក្រសួងមហាផ្ទៃ បានលម្អិតអំពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ស្មៀនឃុំ សង្កាត់ ក្នុងប្រកាស ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០១។ ស្មៀនឃុំ-សង្កាត់ តែងតាំងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានតួនាទីធានាជួយកិច្ចការមេឃុំ ចៅសង្កាត់ឱ្យប្រព្រឹត្តទៅស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពោលគឺមិនមែនឱ្យមេឃុំ ចៅសង្កាត់ រ៉ាប់រងការងារតែឯកឯងនោះឡើយ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្ថែមថា ការតែងតាំងស្មៀនក្ដី ការប្រគល់សិទ្ធិទាំងស្រុងឱ្យប្រជាពលរដ្ឋក្នុងឃុំ សង្កាត់ជាអ្នកបោះឆ្នោតជ្រើសរើសមេដឹកនាំដោយខ្លួនឯងក្ដី សុទ្ធតែជាលទ្ធផលនៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលគ្រប់នីតិកាល៕SRN