Breaking News

លោកឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រៀមដឹកនាំមន្រ្តីប្រើប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រៀមដឹកនាំមន្រ្តីអនុវត្តប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ តាមបច្ចេកវិទ្យាឌីជីថល ដែលពេលនេះកំពុងស្ថិតក្រោមការរៀបចំរបស់អគ្គនាយកដ្ឋានធនធានមនុស្ស ដើម្បីធានាទាំងការគ្រប់គ្រងមន្រ្តី រួមទាំងវត្តមានប្រចាំថ្ងៃ និងការសុំច្បាប់ឈប់សម្រាក និងដើម្បីធានាប្រសិទ្ធភាពនៃការរៀបចំពង្រឹងធនធានមនុស្សនៅគ្រប់អង្គភាព។

លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានណែនាំដូចនេះក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រព័ន្ធគ្រប់គ្រងមន្ត្រីនគរបាលជាតិ តាមបច្ចេកវិទ្យាឌីជីថល នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ បើតាម ឧបនាយករដ្ឋមន្រ្តី ស សុខា ក្នុងពេលខាងមុខនេះ ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ ដោយសាកល្បងក្នុងជំហានដំបូង ដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំដាក់ឱ្យអនុវត្តទូទាំងប្រទេស។

លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ទៀតថា ប្រព័ន្ធគ្រប់គ្រងមន្ត្រីនគរបាលជាតិ តាមបច្ចេកវិទ្យាឌីជីថលនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងមហាផ្ទៃ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ជាពិសេសការពង្រឹងរដ្ឋបាលឌីជីថលដោយគ្រប់គ្រងមន្រ្តីនគរបាលជាតិក្នុងប្រព័ន្ធតែមួយ។

យោងតាមរបាយការណ៍ នាយឧត្តមសេនីយ៍ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្សក្រសួងមហាផ្ទៃ និងបទបង្ហាញពីមន្រ្តីជំនាញ ប្រព័ន្ធគ្រប់គ្រងមន្ត្រីនគរបាលជាតិ តាមបច្ចេកវិទ្យាឌីជីថល អាចប្រើប្រាស់ទាំងតាមកុំព្យូទ័រ និងApp លើទូរសព្ទឆ្លាតវៃ។ អគ្គនាយកដ្ឋានធនធានមនុស្ស ក៏បាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្រ្តីរាជការស៊ីវិល និងមន្រ្តីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ផងដែរ៕SRN

Check Also

កម្លាំងនគរបាលខេត្តកណ្តាល ឃាត់ខ្លួនក្រុមក្មេងទំនើង២នាក់ ក្រោយបង្ហោះម៉ូតូតាមផ្លូវ

Leave a Reply

Your email address will not be published. Required fields are marked *