Breaking News

Breaking News៖ ឃាត់ខ្លួន​អតីតឧកញ៉ា ហេង សិទ្ធី នៅព្រំដែនប្រទេសរុស្សី ដោយចារកម្មរុស្សី និងត្រូវបានបញ្ជូនខ្លួនតាមយន្តហោះ ត្រឡប់ទៅប្រទេសកម្ពុជាវិញ

ភ្នំពេញ​៖​ អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួន នៅព្រំដែនប្រទេសរុស្សី ដោយចារកម្មរុស្សី និងត្រូវបានបញ្ជូនខ្លួនតាមយន្តហោះ ត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៤ ខែមករា​ ឆ្នាំ២០២៥ នេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានធ្វើមោឃភាពលិខិតឆ្លងដែនរបស់លោក កាលពីពេលថ្មីៗនេះ។

យោងតាម​ប្រភពព័ត៌មាន​ពី​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥​ បានចេញលិខិតទៅកាន់ស្ថានទូតខ្មែរប្រចាំនៅក្រៅប្រទេសទាំងអស់ ដោយបញ្ជាក់ថា ក្រសួងមហាផ្ទៃបានប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតារបស់អតីតឧកញ៉ា ហេង សិទ្ធី ខណៈ សាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាឱ្យចាប់ខ្លួនដែរ។

សូមជម្រាបជូនថា​ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ​ បានចេញលិខិតមួយទៅកាន់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីការប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតារបស់អតីតឧកញ៉ា ហេង សិទ្ធី ក្រោមហេតុផលថា អតីតឧកញ៉ារូបនេះ ត្រូវសាលាដំបូងរាជធានីភ្នំពេញចេញដីកាឱ្យចាប់ខ្លួនពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស។

ដោយឡែក​ពាក់ព័ន្ធ​ករណីខាងលេីនេះ​ដែរ លោក យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន អតីតឧកញ៉ា ហេង សិទ្ធី កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ បន្ទាប់ពីត្រូវបានចោទពីបទ គំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស តាមមាត្រា៣៧២ និងមាត្រា៣៧៤ នៃក្រមព្រហ្មទណ្ឌ។

គួរបញ្ជាក់ថា​ ជុំវិញបញ្ហានេះ អាជ្ញាធរកម្ពុជា ក៏បានស្នើសុំ ប៉ូលីសអន្តរជាតិ អាំងទែប៉ូល (Interpol) កាលពីចុងខែធ្នូ ឆ្នាំ២០២៤ ឱ្យដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី ទៅក្នុងសេចក្តីជូនដំណឹងក្រហម ឬ និវេតក្រហម ដើម្បីតាមចាប់ខ្លួនផងដែរ៕ដោយ​៖ សិរី នាគ

Check Also

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា រំលឹកមន្ដ្រីពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ មិនត្រូវប្រព្រឹត្តសកម្មភាព រំលោភសិទ្ធិជនជាប់ឃុំ

Leave a Reply

Your email address will not be published. Required fields are marked *