Breaking News

ផ្លូវបេតុង១ខ្សែដែលពលរដ្ឋចង់បាន ត្រូវអាជ្ញាធរស្ថាបនារួចរាល់

ភ្នំពេញ៖ ប្រជាពលរដ្ឋមួយចំនួនធ្លាប់ដឹងហើយថា ផ្លូវមួយខ្សែ ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានការខូចខាតគ្រាន់បើដែរ ដោយមានជង្ហុកតូច ធំ ជាហូរហែពិបាកធ្វើដំណើរទៅមកផងដែររបស់បងប្អូនប្រជាពលរដ្ឋ ។

ដោយពិនិត្យឃើញថា សភាពផ្លូវមួយខ្សែនេះមានការខូចខាតខ្លាំងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានរាយការ និងស្នើទៅដល់សាលា រាជធានីភ្នំពេញ ក្រោមការគ្រប់គ្រងរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រហូតមកដល់ពេលនេះការស្ថាបនាអភិវឌ្ឍន៍ ផ្លូវមានទាំងប្រព័ន្ធលូបង្ហូរទឹកសម្រាប់បំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ត្រូវបានបញ្ចប់ហើយ ។

លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង លើកឡើងអោយដឹងថា ចំពោះសមិទ្ធផលផ្លូវបេតុងថ្មីដែលបានស្ថាបនារួចរាល់ជាស្ថាពរនាពេលនេះ គឺស្ថិតនៅក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ មុននឹងស្ថាបនា ផ្លូវមួយខ្សែនេះគឺមានសភាពខូចខាតខ្លាំងគ្រាន់បើដែរ ដោយសារផ្លូវនេះត្រូវបានប្រជាពលរដ្ឋប្រើប្រាស់ប្រមាណ១០ឆ្នាំមកហើយ ។ ប៉ុន្តែដោយសារការរីកចម្រើន នៃប្រទេសជាតិយើងក៏ដូចជា ការរីកចម្រើនដោយឡែកនៅក្នុងរាជធានីភ្នំពេញ គឺបានធ្វើឲ្យកំណើនប្រជាពលរដ្ឋរស់នៅតំបន់នោះ មានការកើនឡើងជាលំដាប់ អញ្ចឹងហើយទើបធ្វើឲ្យសាលារាជធានីភ្នំពេញត្រូវតែពង្រីកសមត្ថភាពផ្លូវ និង ប្រព័ន្ធលូបង្ហូរទឹកជាបន្តបន្ទាប់ ។ 

សមិទ្ធផលនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងច្រើនជួយដល់បញ្ហាការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅតំបន់នោះក្រៅពីនេះក៏មានប្រជាពលរដ្ឋរស់នៅតំបន់ផ្សេងទៀតចង់ធ្វើដំណើរទៅមកដោយស្រួលរវាងផ្លូវលេខ១៩៩២ ( ឬ ផ្លូវលេខ ៩២ ) និងផ្លូវ សម្តេច ជា ស៊ឹម ។ 

លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាងលើកឡើងបន្តទៀតថា ក្នុងនាមប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ក៏ដូចជា ប្រជាពលរដ្ឋក្នុងខណ្ឌសែនសុខនិងប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់នូវកំណាត់ផ្លូវបេតុងនេះ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់នៅក្នុងការស្ដារនិងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ គ្រប់ទីកន្លែងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជា ជំរុញនៃកំណើនសេដ្ឋកិច្ចឲ្យកើនឡើងជាលំដាប់ ។

ជាមួយគ្នានេះលោកចៅសង្កាត់គោកឃ្លាង សូមស្នើប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាផ្លូវ ថ្នល់  ក៏ដូចជា ប្រព័ន្ធលូបង្ហូរទឹកអោយបានល្អប្រសើរប្រើប្រាស់យូអង្វែង ។

បើតាមការបញ្ជាក់ពីអាជ្ញាធរខណ្ឌសែនសុខ ប្រាប់អោយដឹងថា ផ្លូវបេតុងមួយខ្សែដែលទើបស្ថាបនា រួចរាល់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានប្រវែង ៨៧០ម៉ែត្រ ទទឹង ៩ម៉ែត្រ និងដាក់ប្រព័ន្ធលូសងខាងផ្លូវទំហំ ៨តឹក  ៕ដោយ៖ សិរី នាគ

Check Also

អនុរក្សពន្ធនាគារព្រៃសនាំខ្លួន លី សាម៉េត ហៅគ្រូមា ឡើងតុលាការ បន្តនីតិវិធីស៊ើបសួរបន្ថែមលើសំណុំរឿងពុករលួយ

Leave a Reply

Your email address will not be published. Required fields are marked *