ភ្នំពេញ៖ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ លោក ប្លង់ សុផល បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ថាតំណាងអយ្យការ បានសម្រេចចោទប្រកាន់លេីជនត្រូវចោទឈ្មោះ កាម៉ារូទីន ស៊ូហៃមី អ្នកគ្រប់គ្រងមួយផ្នែក នៃសាលាឥស្លាម ភ្នំពេញ ចំនួន ២បទល្មើស ទី១. ពីបទ រំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស តាមមាត្រា ២៤០ នៃក្រមព្រហ្មទណ្ឌ និងទី២. ពីបទ ប្រទូស្តកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោស ទាក់ទងនឹងចារី និងស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ តាមមាត្រា ២៤៧ និងមាត្រា ២៤៨ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទ ឈ្លោះ កាម៉ារូទីន ស៊ូហៃមី អាយុ៣៣ឆ្នាំ ជាអ្នកគ្រប់គ្រង អន្តេវាសិកដ្ឋានសិស្សនារី (អ្នកគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ អនាម័យ និងសុខភាព) នៃសាលារៀន អាន់នៀកម៉ះ ភ្នំពេញ ស្ថិតនៅគីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌឭស្សីកែវ រាជធានីភ្នំពេញ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ បានចាប់បញ្ជូនអ្នកគ្រប់គ្រងអន្តេវាសិកដ្ឋានសិស្សនារី ដែលគេស្គាល់ថា ជាកូនប្រុសរបស់ លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការចោទប្រកាន់ករណីបៀតបៀនរាងកាយ និងរំលោភបំពានកុមារីជាសិស្សសាលាខ្មែរឥស្លាម នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យសមត្តកិច្ចនគរបាល កោះហៅជនសង្ស័យយកទៅសាកសួរ នៅនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រោយពីមានការផ្សព្វផ្សាយបង្ហោះលើបណ្តាញសង្គម ដោយចោទប្រកាន់ថា លោក កាម៉ារូទីន ស៊ូហៃមី ជាប់ពាក់ពន្ធនឹងករណីបៀតបៀនរាងកាយ និងរំលោភបំពានកុមារី ជាសិស្សសាលាខ្មែរឥស្លាម៕SRN