កំពង់ស្ពឺ៖ ទីតាំងបញ្ជល់មាន់យ៉ាងធំមួយកន្លែង ដែលលាក់ខ្លួននៅក្នុងចម្ការស្វាយរាប់ខែ និងមានការចាត់តាំងយាមកាមយ៉ាងតឹងរឹងពីសំណាក់ម្ចាស់សង្វៀន ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺឆ្មក់ចូលបង្ក្រាបឃាត់ខ្លួនអ្នកលេងបាន ៨នាក់ បញ្ជូនមកកាន់អយ្យការសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់។
យោងតាមការឱ្យដឹងពីមន្ត្រីនគរបាលនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ថា កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរងទទួលផែនសហការជាមួយនគរបាលស្រុកភ្នំស្រួច បានឆ្មក់ចូលទីតាំងបញ្ជល់មាន់ខុសច្បាប់មួយកន្លែងនៅក្នុងចម្ការស្វាយ ស្ថិតក្នុងភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប្រតិបត្តិការនោះកម្លាំងជំនាញបានបំបែកហ្វូងអ្នកលេង និងដេញប្រផាប់ចាប់ប្រភីងឃាត់អ្នកលេងចំនួន ៨នាក់ ឈ្មោះ កង សំណាង ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរបាញ់ថ្នាំស្វាយ រស់នៅភូមិសែនរុងរឿងបី ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហា(ជាអ្នកលេង) ឈ្មោះ សុខ ទាម ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ(ជាអ្នកលេង) ឈ្មោះ សូត្រ ចិន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ជាអ្នកលេង) ឈ្មោះ ស សារិទ្ធ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់ភូមិ៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ(ជាអ្នកលេង) ឈ្មោះ ហែម អ៊ុច ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរចាំចំការ រស់នៅភូមិ៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ(ជាអ្នកលេង) ឈ្មោះ ជា រី ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ(ជាអ្នកលេង) ឈ្មោះ វ៉ា គឹមសេង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករបាញ់ថ្នាំស្វាយ រស់នៅភូមិសែនជ័យ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ(ជាអ្នកលេង) និងឈ្មោះ ហៀង រតនា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបររត់ឌុប រស់នៅភូមិ៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ជាអ្នកលេង)។
ប្រភពដដែលបានបញ្ជាក់បន្ថែមថា ប្រតិបត្តិការបង្ក្រាបសង្វៀនបញ្ជល់មាន់នេះដែរ កម្លាំងជំនាញក៏បានដកហូតមាន់ចំនួន ៤ក្បាល(ងាប់) ជញ្ជីងថ្លឹងមាន់១ ស្គុតរុំជើងមាន់មួយចំនួន ជាលគ្របមាន់៤ កៅអីជ័រ១០ ម៉ូតូ២៩គ្រឿង ទូរស័ព្ទ៥គ្រឿង។ បច្ចុប្បន្នអ្នកញៀនល្បែងបញ្ជល់មាន់ទាំង ៨នាក់ ត្រូវបានបញ្ជូនទៅតុលាការរួចហើយនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបន្តនីតិវិធី។
សូមបញ្ជាក់ថា ទីតាំងសង្វៀនជល់មាន់នេះ ស្ថិតនៅឆ្ងាយពីផ្លូវជាតិ និងភូមិរបស់ប្រជាពលរដ្ឋ ក្នុងដីចម្ការស្វាយ ក្បែរព្រៃឫស្សី ដែលអំណោយផលដល់ក្រុមអ្នកលេង។ មិនតែប៉ុណ្ណោះម្ចាស់សង្វៀនបានរៀបចំយ៉ាងហ្មត់ចត់បំផុតដោយមានអ្នកនៅយាម និងមើលផ្លូវចូល និងផ្ដល់សញ្ញាឱ្យអ្នកខាងក្នុងដឹងនៅពេលដែលមានសមត្ថកិច្ច ឬជនចម្លែកចូលទៅទីតាំងនោះដើម្បីឱ្យប្រុងជើងការណ៍៕