ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកថវិការសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងស្រាបៀរ ទឹកផ្លែឈើ ទឹកសុទ្ធជូនកងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រុមការងារពន្លត់អគ្គិគភ័យស្នងការដ្ឋាននគរបាលខេត្ត អង្គភាព ៧១១ និងកំពង់ផែក្រុងព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម នៅទីបញ្ជាការកថរាជអាវុធហត្តខេត្ត និងនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ស្ថិតនៅក្រុងព្រះសីហនុកាលពីព្រឹកថ្ងៃ២២ខែមករាឆ្នាំ២០២៣នេះ។
លោក អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណកងកម្លាំងប្រដាប់អាវុធស្របពេលដែលពិធីបុណ្យចូលឆ្នាំចិន វៀតណាម ក៏ដូចជាពិធីបុណ្យជាតិ អន្តរជាតិ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋបានធ្វើការឈប់សម្រាកជួបជុំជាមួយក្រុមគ្រួសារ មិត្តភ័ក្រក៏ប៉ុន្តែកងកម្លាំងរបស់យើងមិនបានឈប់សម្រាកនោះទេ ព្រោះជាប់ភារកិច្ចក្នុងការការពារសន្តិសុខ សុវត្ថិភាពសាធារណជូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមតំបនរមណីយដ្ឋាននានា តំបន់មាត់សមុទ្រ និងតាមតំបន់កោះក្នុងខេត្តព្រះសីហនុ។ ហើយកាលពីម្សិលមិញឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញចុះសួរសុខទុក្ខ និងជូនពរកងកម្លាំងនគរបាលចរាចរណ៍ដែលឈរប្រចាំការនៅតាមចំណុចគោលដៅមួយចំនួនក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីជាការលើកទឹកចិត្ត និងជូនពរឱ្យកងកម្លាំងរបស់យើងមានសេចក្តីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារ។
ទន្ទឹមនោះលោកអភិបាលខេត្ត បានផ្តោតសំខាន់ទៅលើមន្ត្រីពន្លត់អគ្គិភ័យយើងត្រូវត្រៀមបង្កាឱ្យបានខ្ពស់ ព្រោះរដូវបុណ្យទាននេះ ជារដូវក្តៅប្រជាពលរដ្ឋតែងតែនាំគ្នាដុតទៀន ធូបនៅតាមផ្ទះរៀងៗខ្លួន វាអាចបង្កជាគ្រោះអគ្គិភ័យនៅពេលដែលយើងមិនមានការប្រុងប្រយ័ត្នចេញទៅខាងក្រៅ បណ្តាលធ្វើឱ្យមានជាអគ្គិភ័យឆាបឆេះកើតឡើងដោយយថាហេតុណាមួយកើតឡើង។
ក្នុងឱកាសនោះលោលអភិបាលខេត្ត ក៏បានថ្លែងអំណរគុណក្រុមការងារពន្លត់អគ្គិភ័យទាំងអស់ដែលបានធ្វើប្រតិបត្តិការនៅក្នុងខេត្តព្រះសីហនុ តែងតែចូលរួមសហការគ្នាក្នុងការជួយពន្លត់ភ្លើងបានទាន់ពេលវេលា នៅពេលមានអគ្គិភ័យឆាបឆេះម្តងៗ ពិសេសកាលពីគ្រោះអគ្គិភ័យថ្មីៗនេះនៅសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ នៅលើអគារកម្ពស់១០ជាន់ កម្លាំងអគ្គិភ័យរបស់យើងមានទាំងកងរាជអាវុធហត្ថ ស្នងការដ្ឋាននគរ បាលខេត្ត អង្គភាព ៧១១ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចេញទៅជួយពន្លត់ភ្លើងបានទាន់ពេលវេលា និងរំដោះមនុស្សបានជាង ១០០នាក់ ប្រកបដោយសុវត្ថិភាពនៅ លើអគារនោះថែមទៀតផង ទោះបីយើងមិនមានឧបការណ៍ ឬសម្ភារះទំនើបក្នុងការចូលជួយសង្គ្រោះយ៉ាងណាក៏ដោយ ក៏យើងខិតខំបំពេញការងារទទួលលទ្ធផលល្អ នេះជាការចូលរួមសហការ នៃការទទួលខុសត្រូវរួមគ្នាពន្លត់អគ្គិភ័យនៅក្នុងក្រុងព្រះសីហនុរបស់យើងទទួលបានជោគជ័យ។ ផ្តើមចេញពីការចូលរួមរបស់គ្រប់អង្គភាពដែលមានទីតាំងនៅក្នុងខេត្តព្រះសីហនុ ទើបយើងគ្រប់គ្រងសភាពការណ៍បានទាន់ពេលវេលា និងសូមជូនពរឱ្យកងកម្លាំង និងអ្នកស្ម័គ្រចិត្តទាំងអស់មានសុខភាពល្អគ្រប់ៗគ្នាក្នុងការបំពេញភារកិច្ចបន្តទៀត។
លោកក៏បាននាំយកស្រាបៀរ ទឹកផ្លែឈើ ទឹកសុទ្ធ ជូនកងកម្លាំង និងមន្ត្រីពន្លត់អគ្គិភ័យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនកម្លាំងកងរាជអាវុហត្ថខេត្តព្រះសីហនុ ចំនួន ១០លានរៀល កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ១០លានរៀល អង្គភាព ៧១១ ៥លានរៀល និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ៥លានរៀលផងដែរ៕