ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា អាស៊ានប៉ារ៉ាហ្គេម ជាឱកាសដែលធ្វើឲ្យអត្តពលិកមានពិការភាព មានអារម្មណ៍ថា ពួកគាត់ធម្មតា ដូចគេដូចឯង។
«ខ្ញុំនៅចាំសម្តីរបស់ប្រធានសមាគមប៉ារ៉ាឡាំពិកឥណ្ឌូណេស៊ី ដែលបានលើកឡើងថា អាស៊ានប៉ារ៉ាហ្គេម ក្រៅពីរឿងឈ្នះ ចាញ់ ក៏ជាឱកាសដែលធ្វើឲ្យអត្តពលិកដែលមានពិការភាព មានអារម្មណ៍ថាពួកគាត់ធម្មតា ដូចគេដូចឯង»។ នេះជាសំណេររបស់លោក ហ៊ុន ម៉ានី ក្នុងទំព័រហ្វេសប៊ុកផ្លូវការ។
លោក ហ៊ុន ម៉ានី លើកឡើងថា អត្តពលិកពិការត្រូវការគាំទ្រ និងការលើកទឹកចិត្តពីពួកយើង។ ពួកគាត់ចង់ឲ្យយើងចូលរួម និងស្វែងយល់ពីពួកគាត់ ហើយអាស៊ានប៉ារ៉ាហ្គេមគឺជាឱកាសសម្រាប់ពួកគាត់ក្នុងការបង្ហាញសមត្ថភាពរបស់ពួកគាត់។ ដូច្នេះ សូមបងប្អូនជនរួមជាតិទាំងអស់ បន្តចូលរួមផ្តល់កម្លាំងដល់កីឡាករ កីឡាករិនី ជាអត្តពលិករបស់យើង ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ានប៉ារាហ្គេម លើកទី១២ ដែលរៀបចំនៅព្រះរាជាណាចក្រកម្ពុជាយើង។
សូមជម្រាបជូនថា បន្ទាប់ពីសម្រេចបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ពីភាពជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ កាលពីពេលថ្មីៗកន្លងទៅនេះ នៅសល់តែរយៈពេល៩ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជា នឹងបើកនូវទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀតលើវិស័យកីឡាដោយការធ្វើជា ម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ផ្តើមពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕