Breaking News

ទេសរដ្ឋមន្ត្រី លី ធុជ ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ រដ្ឋសភា បន្តជម្រុញ ការអនុវត្ត “កម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥ និងកាត់បន្ថយគ្រាប់មិនទាន់ផ្ទុះ ឲ្យបានជាអតិបរមា”

ភ្នំពេញ៖ គោលដៅនយោបាយ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់នីតិកាលទី៧ បានគាំទ្រសន្និបាតគណបក្សកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ បានគាំទ្រ និងចូលរួមសកម្មដើម្បីសម្រេចនូវ “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន” ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។ ជម្រុញការអនុវត្ត “កម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥ និងកាត់បន្ថយគ្រាប់មិនទាន់ផ្ទុះ ឲ្យបានជាអតិបរមា”។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “ដើម្បីឲ្យឆ្នាំ២០២៥ កម្ពុជាគ្មានគ្រាប់មីន ការផ្តល់ដីដោយសុវត្ថិភាព និងដោយស្នាមញញឹម ខ្ញុំសូមអំពាវនាវសប្បុរជន មេត្តាបន្តចូលរួមឧបត្ថម្ភ ទៅតាមលទ្ធភាព, សូមឲ្យឆ្នាំ ២០២៥ ក្លាយជាឆ្នាំគ្មានមនុស្សស្លាប់ របួស និងជាឆ្នាំប្រកបដោយស្នាមញញឹម បន្ទាប់ពីរងគ្រោះដោយសារគ្រាប់មីនរយៈពេល៥៥ឆ្នាំ (១៩៧០-២០២៥)”។

នេះជាប្រសាសន៍របស់លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១អាជ្ញាធរមីន ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ។ 

លោកទេសរដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ទៀតថា លទ្ធផលបោសសម្អាតមីន (ចាប់ពីឆ្នាំ ១៩៩២ ដល់ខែមិថុនា ឆ្នាំ ២០២៣) ផ្ទៃដីបោសសម្អាតរួចមានចំនួន២.៧៩៥គីឡូម៉ែត្រក្រឡា ក្នុងនោះបានបោសសម្អាត មីនប្រឆាំងមនុស្ស ចំនួនជាង១លានគ្រាប់, មីនប្រឆាំងរថក្រោះ ចំនួន២ម៉ឺន៦ពាន់គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួនជាង៣លានគ្រាប់។

លោកបញ្ជាក់ទៀតថា ចំនួនជនរងគ្រោះបានថយចុះពី ៤.៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៤១នាក់ ក្នុងឆ្នាំ២០២២ និងមកនៅក្រោមចំនួន១០០នាក់ ក្នុងមួយឆ្នាំជាមធ្យម រយៈពេល១០ឆ្នាំចុងក្រោយ។ 

ការប្រើប្រាស់ដី ក្នុងនោះវិស័យកសិកម្ម ៧៦ % និងផ្សេងៗ ២៤ % រួមមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម។ ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ ទទួលផលចំនួនជាង១១លាននាក់។ គិតចាប់តាំងពីឆ្នាំ១៩៧៩ ដល់ខែកក្កដា ឆ្នាំ២០២៣ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម សរុបចំនួន ៦៥.០២៨នាក់។

លោកអនុប្រធានទី១អាជ្ញាធរមីន បានបញ្ជាក់ទៀតថា គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ផែនការត្រូវបោសសំអាតលើ ផ្ទៃដីមានមីនចំនួនជាង៩១គីឡូម៉ែត្រក្រឡា។ ខេត្តចំនួន១០ រួមមាន ៖ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ និងខេត្តសៀមរាប។ 

លទ្ធផលសម្រេចបានដោយខេត្តចំនួន៦, ស្រុកចំនួន ១៤ និងឃុំចំនួន ១២ អស់មីន ដោយបោសសំអាតបានគ្រាប់មីន ប្រឆាំងមនុស្សចំនួន ៣.៨៦៦ គ្រាប់, មីនប្រឆាំងរថក្រោះចំនួន ៤៩ គ្រាប់ និងយុទ្ធ ភណ្ឌមិនទាន់ផ្ទុះចំនួន ៧.៤៩២ គ្រាប់ រួមទាំងអ្នកទទួលផល ជាង១លានគ្រួសារ។

មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥ ផែនការបន្តរំដោះផ្ទៃដី មានមីនចំនួនជាង១៨០គីឡូម៉ែត្រក្រឡា ក្នុងខេត្តចំនួន ១១ ៖ ខេត្តកំពង់ស្ពឺ ខេត្តបន្ទាយមានជ័យ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប និងមានខេត្តចំនួន ៥ អស់មីន គឺខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្ត មណ្ឌលគិរី ខេត្តកំពង់ធំ និងខេត្តសៀមរាប។

លទ្ធផលសម្រេចបាន (គិតត្រឹមខែមិថុនា ឆ្នាំ២០២៣) ផ្ទៃដីមានមីនចំនួន៥៩គីឡូម៉ែត្រក្រឡាស្មើនឹង ៣២,៧៥ % នៃផែនការរួម ដោយបានបោសសំអាតមីនប្រឆាំងមនុស្ស ចំនួន ១.៣១៧ គ្រាប់, មីនប្រឆាំងរថក្រោះចំនួន១៦គ្រាប់, យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១.៩៤៩ គ្រាប់ និងមានអ្នកទទួលផលជាង៣ម៉ឺនគ្រួសារ។ 

សម្រាប់ផែនការបោសសម្អាតឆ្នាំ២០២៤-២០២៥ ត្រូវបន្តអនុវត្តលើផ្ទៃដី ៣៥៨ គីឡូម៉ែត្រក្រឡា ត្រូវការថវិកា ៧៨ លានដុល្លារ។ ផ្ទៃដីមានមីនខាងលើនេះ មិនទាន់រាប់បញ្ចូលនូវចម្ការមីនថ្មីៗ ដែលប្រតិបត្តិករជាតិ-អន្តរជាតិ បន្តរកឃើញជាបន្តបន្ទាប់ កំពុងបញ្ចូនមកអាជ្ញាធរមីន ដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃ៕ដោយ៖ សិរី នាគ

 

Check Also

រដ្ឋបាលខេត្តព្រះសីហនុទទួលអំណោយមនុស្សធម៌ ពីសមាគមអតីតសិស្សនិស្សិតនៅកម្ពុជា ជាទឹកបរិសុទ្ធចំនួន ២០០យួរ

Leave a Reply

Your email address will not be published. Required fields are marked *