Breaking News

ប្រជាពលរដ្ឋក្រីក្រ កំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងសាលាបឋមសិក្សាព្រែកឬស្សី ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ឯឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានចាត់លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងសហការី ព្រមទាំងមានការអញ្ជើញរួមដំណើរដោយប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាក្រុងតាខ្មៅ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅជូនដល់គ្រួសារក្រីក្រមានសមាជិក២នាក់ និងមានជំងឺប្រចាំកាយ  ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ក្នុងសាលាបឋមសិក្សាព្រែកឬស្សី ។ 

មានប្រសាសន៍ នាឱកាសចុះសួរសុខទុក្ខនេះដែរ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងនាមឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត។ 

លោកនាយកសាខា បន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។  

អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានផ្ដល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង ២យួរ, ទឹកត្រី ១យួរ, ទឹកសុទ្ធ ១កេស, ម៉ាសមួយកញ្ចប់ និងថវិកា ចំនួន ២០ម៉ឺនរៀល ។ ក្នុងពេលជាមួយគ្នានេះ គណៈកម្មាធិការអនុសាខាកាកបាទក្រហមក្រុងតាខ្មៅ បានជួយឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនរៀលផងដែរ៕

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *