Breaking News

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបពិភាក្សាការជាមួយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា

ភ្នំពេញ៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការជាមួយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដូចជាពាណិជ្ជកម្ម កិច្ចការបរទេស បរិស្ថាន អប់រំ និងសុខភាព ជាដើម ព្រមទាំងបានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេសចំពោះការគាំទ្រ និងការផ្តល់ជំនួយដ៏មានតម្លៃសម្រាប់កម្ពុជា ក្នុងនោះរួមទាំងវិស័យសកម្មភាពបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ផងដែរ។

ពាក់ព័ន្ធនឹងសកម្មភាពមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងឲ្យដឹងថា ចក្រភពអង់គ្លេស បានចូលរួមជូយដល់កម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨ ដែលរហូតមកដល់ពេលនេះ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណជាង ១៦០ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ព្រមទាំងរកឃើញ និងកំទេចចោលគ្រាប់មីនចំនួន ៦៧.៥៩០ គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតចំនួន ៤៧.៧៨៨ គ្រាប់។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ចំពោះការគាំទ្រនេះ និងការតាំងចិត្តបន្តចូលរួមជួយដល់កម្ពុជាស្របតាមផែនការគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ ហើយកម្ពុជានៅតែត្រូវការជាចាំបាច់ចំពោះការចូលរួមពីចក្រភពអង់គ្លេស និងបណ្តាដៃគូដទៃទៀត ក្នុងការដោះស្រាយហានិភ័យដែលនៅសេសសល់ពីសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោយឆ្នាំ២០២៥។

ឯកឧត្តម Dominic Williams បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមីនដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរក្នុងការចូលរួមរបស់ចក្រភពអង់គ្លេសសម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។ ឯកឧត្តមបានថ្លែងទៀតថា ពាក់ព័ន្ធនឹងការចូលរួមរបស់ចក្រភពអង់គ្លេសក្នុងគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ អង់គ្លេស បានរៀបចំផែនការ និងត្រៀមកញ្ចប់ថវិការួចរាល់ហើយសម្រាប់ផែនការឆ្នាំ២០២៤ និងឆ្នាំ២០២៥ ក្នុងកិច្ចប្រតិបត្តិការសកម្មភាពមីន ដោយបានដាក់បញ្ចូលក្នុងផែនការសកម្មភាពរបស់អង្គការដោះមីន HALO Trust និង MAG នៅតែរង់ចាំការអនុម័តជាផ្លូវការរបស់រដ្ឋាភិបាលក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ៕ដោយ៖ សិរី នាគ

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *