Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អបអរសាទរ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ “សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍”

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមអបអរសាទរ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ “សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍” ។

សូមបញ្ជាក់ថា៖ ឆ្លៀតក្នុងឱកាសចូលរួមអបអរសាទរ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣នេះ ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត កន្លងទៅក៏សូមចែករំលែកនូវទស្សនៈមួយចំនួន ក្នុងការលុបបំបាត់អេដស៍នៅកម្ពុជាដូចតទៅ៖

-ទី១. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបន្តដឹកនាំនិងសម្របសម្រួលជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ ក្នុងការរៀបចំគោលនយោបាយលុបបំបាត់ជំងឺអេដស៍ នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ឱ្យបានទាន់ពេល ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់រៀបចំ ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៦ តាមប្រព័ន្ធជាតិប្រកបដោយនិរន្តរភាព និងចីរភាព។

-ទី២. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្តដោយម៉ឺងម៉ាត់ នូវផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹង មេរោគអេដស៍ និងជំងឺអេដស៍ និងគោលនយោបាយលុបបំបាត់ជំងឺអេដស៍ នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដើម្បីធានាភាពជោគជ័យ និងនិរន្តរភាព នៃការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ សំដៅឈានទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥នៅកម្ពុជា។

-ទី៣. អាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ត្រូវសហការជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច ក្រសួងផែនការ និងក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពនូវ វិធានការទាំង៦ ទាក់ទងនឹងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។

-ទី៤. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបន្តសហការជាមួយក្រសួងសុខាភិបាល ធ្វើការសិក្សារៀបចំយន្តការ និងយុទ្ធសាស្ត្រអន្តរាគមន៍ក្នុងការ លុបបំបាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន នៅត្រឹមឆ្នាំ២០២៥ និងត្រូវរិះរកវិធីកាត់បន្ថយបន្ថែមទៀត នូវអត្រាបោះបង់ការព្យាបាល និងអត្រាស្លាប់របស់អ្នកផ្ទុកមេរោគអដស៍ ព្រមទាំងបន្តពង្រឹងនិងបង្កើនកិច្ចសហការ ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបង្ការ និងទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពនូវការឆ្លងរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ក្នុងចំណោមអ្នកប្រើប្រាស់ និងអ្នកចាក់គ្រឿងញៀន។

-ទី៥. ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមជំរុញការអប់រំផ្សព្វផ្សាយអំពីមេរោគអេដស៍ និងជំងឺអេដស៍ និងបង្កើតឱ្យមានមធ្យោបាយអប់រំផ្សព្វផ្សាយថ្មីៗដែលមានលក្ខណៈឌីជីថល ដើម្បីបង្ការការចម្លងមេរោគអេដស៍ក្នុងសហគមន៍ [ជាពិសេសចំពោះក្រុមប្រជាជនគន្លឹះរួមមាន ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកប្រើប្រាស់និងចាក់គ្រឿងញៀន ក្រុមស្ត្រីបម្រើការងារក្នុងកន្លែងកម្សាន្តសប្បាយ និងក្រុមយុវវ័យទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ឱ្យទទួលបានព័ត៌មានទាន់ពេល និងការយល់ដឹងទូលំទូលាយ ដើម្បីការពារខ្លួនចៀសពីការឆ្លងមេរោគអេដស៍]។

-ទី៦. អភិបាលរាជធានី ខេត្ត ត្រូវបន្តពង្រឹងយន្តការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍នៅថ្នាក់ រាជធានី ខេត្ត ថ្នាក់ក្រុង ស្រុក ខណ្ឌនិងថ្នាក់ឃុំ សង្កាត់ឱ្យបានទូទាំងប្រទេស ដើម្បីទទួលខុសត្រូវក្នុងភាពជាម្ចាស់ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

-ទី៧. គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូអន្តរជាតិ អង្គការជាតិ អង្គការសង្គមស៊ីវិល និងវិស័យឯកជនទាំងអស់ បន្តយន្តការធ្វើការរួមគ្នាស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» (Dynamics of Stakeholder System) ក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន ឆ្ពោះទៅសម្រេចជោគជ័យតាមគោលដៅដែលបានកំណត់៕

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *